នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី០៩-១០ ខែតុលា ខាងមុខនេះ (Video inside)
06-10-2026 16:19
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ឡេ មិញ ហ៉ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ឡេ មិញ ហ៉ឹង នឹងចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ លោក ឡេ មិញ ហ៉ឹង នឹងកាន់តែជំរុញបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងតំណាងឱ្យគំរូភាព និងបន្តពាក់ព័ន្ធពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕



