FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប.៖ ស្អែកនេះប្រជាពលរដ្ឋអាចចាប់ផ្តើម​ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ

06-10-2026 16:05

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ព្រមទាំងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះលោក មាន សទិ បានបញ្ជាក់ឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុមចុះឈ្មោះបោះឆ្នោតធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ម៉ោងធ្វើការព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។ ក្នុងករណីមានអ្នកសុំចុះឈ្មោះបោះឆ្នោតបន្ត ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) អាចបន្ថែមម៉ោងពេលនៃការចុះឈ្មោះបោះឆ្នោតតាមការជាក់ស្តែង។

លោក មាន សទិ បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ៤ដង ដើម្បីបើកកិច្ចប្រជុំជាមួយ ក.ច.ប ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណាក់កាលនេះប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាំងហស្រុងរបស់ គ.ជ.ប ៖