FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា រៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងគ្រួសារមន្ត្រីទទួលមរណភាព ក្នុងឱកាសទិវាមនុស្សចាស់ និងពិធីបុណ្យភ្ជុំបិណ្ឌ

06-10-2026 15:54

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជនកាកបាទក្រហមកម្ពុជា ចំនួន ៣៥នាក់ និងគ្រួសារមន្ត្រីទទួលមរណភាពចំនួន ២៣នាក់ ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើនរូប នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹកលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះបីជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ ប៉ុន្តែបេះដូង និងមនោសញ្ចេតនារបស់សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់លោកពូ អ្នកមីងជានិច្ច។

លោកស្រីអគ្គលេខាធិការ បានបន្តថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានណែនាំឱ្យរៀបចំចងក្រងវីដេអូ «គុណតម្លៃមនុស្សធម៌» ដែលបង្ហាញពីរូបពិត សំឡេងពិតរបស់និវត្តជនកាកបាទក្រហមកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញការងារមនុស្សធម៌តាំងពីបាតដៃទទេ និងតែងតែស្វែងរកជំនួយពីបរទេស។ បេសកកម្មមនុស្សធម៌នាប្រភពដើមនោះ គឺពិតជាមានការលំបាកខ្លាំងណាស់ ដោយសារខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ពេលចុះបេសកកម្មតាមខេត្តម្តងៗ ត្រូវសម្រាកតាមដងផ្លូវ និងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ពីក្រុមខ្មែរក្រហម ដែលអាចបាត់បង់ជីវិតគ្រប់ពេលវេលា។ ពោលគឺ ត្រូវយកជីវិតទៅប្រថុយ ដើម្បីជួយឱ្យបងប្អូនប្រជាពលរដ្ឋមានស្បៀងអាហារ និងសម្ភារប្រើប្រាស់គ្រប់គ្រាន់»។

លោកស្រីបានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា បានវិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ រហូតមកទល់ពេលនេះ គឺមានធនធានគ្រប់គ្រាន់ក្នុងការផ្តល់សេវាមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដោយពុំចាំបាច់ពឹងផ្អែកលើជំនួយពីបរទេសទៀតឡើយ។

ជាកិច្ចបញ្ចប់លោកស្រីអគ្គលេខាធិការ បានជូនពរដល់និវត្តជនទាំងអស់ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕