FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង បើកវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ

06-10-2026 15:17

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់ខេត្ត ព្រមទាំងផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក លឹម សៀងហេង បានគូសបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ពីរ៖ ទីមួយ គឺដើម្បីបង្ហាញពីគម្រោងសកម្មភាពអាទិភាព ដែលមិនទាន់មានថវិកាគាំទ្រ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ខេត្តស្វាយរៀង ដើម្បីកៀរគរធនធានហិរញ្ញវត្ថុពីអ្នកផ្តល់មូលនិធិនានា។ ទីពីរ គឺដើម្បីផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៦ ដែលនឹងប្រមូលផ្តុំគម្រោងអភិវឌ្ឍន៍ដែលបានស្នើដោយឃុំ-សង្កាត់ និងប្រមូលធនធានចាំបាច់សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោកអភិបាលរងខេត្តបានបន្តថា វេទិកានេះក៏មានគោលបំណងជំរុញឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ រួមមានវិស័យឯកជន សហគមន៍ អ្នកផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រៀមចូលរួមគាំទ្រ និងអនុវត្តឱ្យបានជោគជ័យនូវកិច្ចព្រមព្រៀងនានា។ នេះគឺដើម្បីឆ្ពោះទៅរកឧត្តមភាពនៃកិច្ចអភិវឌ្ឍន៍ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងតិច ១% ក្នុងមួយឆ្នាំ ឆ្លើយតបនឹងផែនការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់ខេត្ត ព្រមទាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការរៀបចំវេទិកានេះ គឺជាកិច្ចការដ៏ចាំបាច់មួយ ដែលជួយឱ្យរដ្ឋបាលគ្រប់លំដាប់ថ្នាក់អាចសម្រេចបាននូវជោគជ័យក្នុងការស្វែងរកការគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពសម្រាប់ឆ្នាំខាងមុខ ពីបណ្តាមន្ទីរ-អង្គភាព អង្គការជាតិ-អន្តរជាតិ និងសប្បុរសជននានា ក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕