រដ្ឋបាលខេត្តរតនគិរី ចាត់វិធានការតឹងរ៉ឹងលើបទល្មើសរ៉ែខុសច្បាប់
06-10-2026 15:11
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានលើកឡើងពីសកម្មភាពលួចប្រព្រឹត្តបទល្មើសធនធានធម្មជាតិ (រ៉ែ) ខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស ស្រុកលំផាត់ និងតំបន់ដទៃទៀត។ រដ្ឋបាលខេត្ត បានប្រកាសពីការទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មភាពជីក និងដឹកជញ្ជូនរ៉ែអនាធិបតេយ្យ ដែលកំពុងកើតមានឡើង។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានជម្រាបជូនដំណឹងដល់អ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើសកម្មភាពបទល្មើសជីក-ដឹកជញ្ជូនរ៉ែខុសច្បាប់ នៅតំបន់ភ្នំងោក និងតាមដងទន្លេសេសាន្ត ក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស ក៏ដូចជានៅចំណុចភូមិថ្មី (ស្រែជ្រៃ) ក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់ និងតំបន់ផ្សេងៗទៀត ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងបរិស្ថាន។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ប្តេជ្ញាថានឹងយកចិត្តទុកដាក់ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះអ្នកដែលនៅតែបន្តប្រព្រឹត្តបទល្មើសជីក-ដឹកជញ្ជូនរ៉ែ និងអ្នកពាក់ព័ន្ធទាំងអស់ ដោយគ្មានការលើកលែងឡើយ។ ក្រុមការងារជំនាញនឹងបន្តធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណមេខ្លោង និងអ្នកពាក់ព័ន្ធនៅពីក្រោយសកម្មភាពទាំងនេះ ដើម្បីអនុវត្តន៍វិធានការច្បាប់ជាធរមានឱ្យបានម៉ឺងម៉ាត់៕


