FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចចម្រុះខេត្តក្រចេះ បង្ក្រាបបទល្មើសនេសាទនៅព្រែកឆ្លូង រឹបអូស និងបំផ្លាញឧបករណ៍ល្មើសច្បាប់ជាច្រើន

06-10-2026 14:53

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តក្រចេះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមបណ្តោយដងព្រែកឆ្លូង ស្ថិតក្នុងភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ រយៈពេលពីរថ្ងៃជាប់គ្នា។ ប្រតិបត្តិការនេះមានគោលបំណងទប់ស្កាត់ និងលុបបំបាត់បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសនេសាទ ដែលបានប្រើប្រាស់ឧបករណ៍ខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងនគរបាលការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត និងគណៈកម្មាធិការសម្របសម្រួលថ្នាក់ស្រុក។ ជាលទ្ធផល ក្រុមការងារចម្រុះបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវដាយចាប់ត្រីចំនួន ៨វង់ ខ្សែពួរប្រវែង ២៥០ម៉ែត្រ ធុងជ័រ ៤គ្រឿង និងកានជ័រ ៧គ្រឿង។

ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតដាយចាប់ត្រីចំនួន ១វង់ យកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ ត្រីចម្រុះប្រមាណ ១៥០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញភ្លាមៗ។

ជនល្មើសជាម្ចាស់វត្ថុតាងបានរត់គេចខ្លួនបាត់អស់ មុនពេលកម្លាំងសមត្ថកិច្ចទៅដល់ទីតាំងកើតហេតុ៕