FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រ ឬមុខតំណែងណាមួយនោះទេ គឺជាការទទួលខុសត្រូវខ្ពស់លើអាយុជីវិត» (Video inside)

06-10-2026 14:08

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងណែនាំដល់និស្សិតកំពុងតែសិក្សាមុខជំនាញពេទ្យថា សុំនិស្សិតទាំងអស់ចងចាំថា «ការក្លាយជាអ្នកប្រកបនូវវិជ្ជាជីវៈសុខាភិបាលមិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រ ឬមុខតំណែងណាមួយនោះទេ គឺជាការទទួលខុសត្រូវខ្ពស់លើអាយុជីវិតមនុស្ស»។

ការថ្លែងយ៉ាងបែបននេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកសន្និសីទវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងគណៈអធិបតីជាច្រើនរូបទៀត ជាសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតផងដែរ។

លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា «សូមប្អូនៗនិស្សិតយល់ឱ្យបានច្បាស់ថា ការក្លាយជាអ្នកប្រកបនូវវិជ្ជាជីវៈសុខាភិបាល មិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រ ឬមុខតំណែងណាមួយនោះទេ គឺជាការទទួលខុសត្រូវខ្ពស់លើអាយុជីវិត មិនមែនត្រឹមតែថារៀនឱ្យបានប្រឡងជាប់នោះទេ ពីព្រោះថាជំនាញខាងវិជ្ជាជីវៈខាងសុខាភិបាលនេះ បើយើងចូលហើយគឺមានការទទួលខុសត្រូវខ្ពស់ មិនមែនដូចជំនាញវិជ្ជាជីវៈផ្សេងៗទៀត ដែលខុសហើយយើងអាចលុប ហើយអាចធ្វើឡើងវិញបាន ប៉ុន្តែជំនាញវិជ្ជាជីវៈសុខាភិបាលនេះ ឧទាហរណ៍ជាក់ស្ដែងបើសិនជាយើងធ្វើរោគវិនិច្ឆ័យខុសទៅលើអ្នកជំងឺ គឺអាចធ្វើឱ្យអ្នកជំងឺរបស់យើង គឺអាចស្លាប់ ឬមួយក៏មានការប៉ះពាល់ខ្លាំងមែនទែន ។ដូច្នេះសូមធ្វើការដោយការទទួលខុសត្រូវ»។

ជាងនេះទៅទៀតចំណេះដឹងវិទ្យាសាស្ត្រសុខាភិបាលកំពុងវិវត្តយ៉ាងលឿន ដូច្នេះការរៀនសូត្រមិនអាចបញ្ចប់ត្រឹមតែថ្ងៃទទួលសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តពេញមួយជីវិតវិជ្ជាជីវៈ ពីព្រោះថាបច្ចេកវិជ្ជាគឺកាន់តែថ្មីៗមេរោគថ្មីៗ បម្លែងពីមួយទៅមួយ មិនដឹងថាតើអ្វីទៀតនឹងមានជំងឺអ្វីកើតឡើង ដែលទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកជំនាញពេទ្យ ទាំងអ្នកដែលរៀនចប់ហើយបានចេញទៅហើយ និងអ្នកដែលកំពុងតែរៀននេះ សូមគិតថាបើយើងប្រឡូកនៅក្នុងវិស័យនេះហើយ ត្រូវតែអភិវឌ្ឍខ្លួនជានិច្ច ជាមួយនឹងបច្ចេកវិជ្ជាឱ្យបានទាន់ពេលវេលា។

លើសពីនោះលោកជំទាវបណ្ឌិត «សូមឱ្យនិស្សិតដែលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល ធ្វើយ៉ាងម៉េចរៀនចប់ឱ្យចេះ មិនមែនរៀនចប់ត្រឹមតែប្រឡងជាប់ សុំនេះសុំចិត្តប្អូនៗ ពេលប្អូនៗចេញធ្វើការគឺប្អូនៗដឹងហើយថា តើការទទួលខុសត្រូវនោះគឺយ៉ាងម៉េចខ្លះ។ សូមកុំភ្លេចនូវទំនួលខុសត្រូវដ៏ធំធេងដែលផ្សារភ្ជាប់ជាមួយនឹងការជឿទុកចិត្ត។ សូមបន្តខិតខំឱ្យមានឧត្តមភាពក្នុងវិជ្ជាជីវៈ មានចិត្តមេត្តាករុណា និងបន្តបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់»។

ជុំវិញសន្និសីទនាពេលនេះចំពោះនិស្សិតរបស់យើងសូមខិតខំរៀនសូត្រ ស្ដាប់ និងចូលរួមឱ្យបានសកម្ម។ នាឱកាសនេះលោកជំទាវបណ្ឌិត ក៏ស្នើឱ្យអតីតនិស្សិតទាំងអស់ សូមត្រឡប់មកជួយដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលវិញផង ពីព្រោះថាអនាគតធនធាននៅក្នុងវិស័យសុខាភិបាល អាចបន្តរីកលូតលាស់ទៅបានគឺពឹងនៅលើអ្នកជំនាន់មុន ជួយដល់អ្នកជំនាន់ក្រោយដែលយើងហៅថាផឹកទឹកឱ្យនឹកដល់ប្រភព។ ហើយការជួយចែករំលែកនេះមិនមែនថាជួយជាថវិកា ជួយអ្វីទេ ជួយចែករំលែកនៅក្នុងចំណេះដឹង ជួយមកបង្រៀន ជួយចែករំលែកបទពិសោធន៍ ជាក់ស្ដែងនៅក្នុងសន្និសីទនៅក្នុងថ្ងៃនេះ ក៏ជាការជួយមួយដ៏ធំធេងទៅហើយ អញ្ចឹងសូមឱ្យអតីតនិស្សិតដែលបានចេញពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ បន្តត្រឡប់មកជួយសាកលវិទ្យាល័យរបស់យើងវិញផង ដើម្បីជួយដល់អនាគតក្មេងៗជំនាន់ក្រោយ។

ជាមួយគ្នានេះសូមឱ្យសាកលវិទ្យាល័យបន្តពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាល ដោយផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រ ជំនាញបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ។ អ្នកជំនាញសុខាភិបាលល្អ មិនត្រឹមតែមានចំណេះដឹងនិងជំនាញទេ ប៉ុន្តែត្រូវតែមានចិត្តមេត្តាករុណា។ លោកជំទាវបណ្ឌិតក៏សូមឱ្យសាកលវិទ្យាល័យបន្តពង្រឹងសមត្ថភាពស្រាវជ្រាវ ដែលផ្ដោតលើបញ្ហាសុខភាពជាអាទិភាពរបស់ខ្លួន ហើយអាចផ្ដល់ធាតុចូលសម្រាប់ការរៀបចំគោលនយោបាយ ការកែលម្អរសេវាសុខភាព សេវាសុខាភិបាល និងការត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនាពេលអនាគត។ ជាងនេះទៅទៀតសូមឱ្យសាកលវិទ្យាល័យ បន្តពង្រឹងភាពជាដៃគូទាំងនៅក្នុងតំបន់ នៅក្នុងប្រទេស និងនៅអន្តរជាតិ។ ភាពជាដៃគូអាចបើកឱកាសឲ្យនិស្សិត ស្រាវជ្រាវ អ្នកស្រាវជ្រាវ និងអ្នកជំនាញសុខាភិបាលកម្ពុជាយើងរៀនសូត្រពីពិភពលោក ហើយក៏អាចចែករំលែកបទពិសោធន៍របស់កម្ពុជាទៅកាន់ពិភពលោកបានដែរ។ យើងដឹងហើយថាជំនាញសុខាភិបាលនេះ គឺពឹងផ្អែកទាំងស្រុងទៅលើការអនុវត្តជាក់ស្ដែង អភិវឌ្ឍផ្ទាល់ជាមួយនឹងអ្នកជំងឺ ដូច្នេះការចែករំលែកបទពិសោធន៍គឺសំខាន់បំផុត។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្ដថា ក្នុងនាមលោកជំទាវបណ្ឌិតពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសម្រេចបានរយៈពេល ៨០ឆ្នាំកន្លងមក។ លើសពីមោទនភាពនេះ លោកជំទាវបណ្ឌិតមានក្ដីសង្ឃឹម ព្រោះកម្ពុជាយើងមានយុវជនជំនាន់ថ្មីដែលមានសមត្ថភាព មានសក្ដានុពល និងមានឆន្ទៈក្នុងការបម្រើជាតិ។

សូមជម្រាបថាក្រសួងសុខាភិបាល និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានបេសកកម្ម និងការទទួលខុសត្រូវដែលមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ក្រសួងសុខាភិបាលមានតួនាទីដឹកនាំ និងពង្រឹងប្រព័ន្ធសុខាភិបាលជាតិ។ ចំណែកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានតួនាទីសំខាន់ក្នុងការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកម្លាំង​ស្នូលក្នុងការទ្រទ្រង់ប្រព័ន្ធសុខាភិបាល ព្រមទាំងបង្កើតចំណេះដឹងថ្មីៗ តាមរយៈការ​ស្រាវជ្រាវនិងនវានុវត្តន៍។ ប្រព័ន្ធសុខាភិបាលដ៏រឹងមាំ ត្រូវការធនធានមនុស្សសុខាភិបាល​ដ៏​រឹងមាំ។ ហើយធនធានមនុស្សសុខាភិបាលដ៏រឹងមាំ ត្រូវការសាកលវិទ្យាល័យដ៏រឹងមាំ។ នេះបើតាមការបញ្ជាក់ពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

ឆ្លៀតក្នុងសន្និសីទនេះលោកសាស្ដ្រាចារ្យ ឈាង រ៉ា​ បានផ្តាំផ្ញើទៅកាន់និស្សិតទាំងអស់ របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលថា សាកលវិទ្យាល័យអាចផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញ។ ប៉ុន្តែការទទួលខុសត្រូវដ៏​សំខាន់​បំផុតរបស់និស្សិត គឺត្រូវយកចំណេះដឹង និងជំនាញទាំងនោះទៅប្រើប្រាស់ ដើម្បីបម្រើប្រជាជន។

លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបង្កើតឡើងនៅឆ្នាំ១៩៤៦ ដើរគិតមកដល់ពេលនេះ គឺមានរយៈពេល ៨០ឆ្នាំហើយ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិ​វឌ្ឍវិជ្ជាជីវៈសុខាភិបាល និងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត ឱថសការី ទន្ដបណ្ឌិត គិលានុបដ្ឋាក អ្នកជំនាញសុខភាពសាធារណៈ និងអ្នកជំនាញសុខាភិបាលជាច្រើនជំនាញទៀត៕