លោកបណ្ឌិត កៅ ថាច និងលោកស្រី សួរ សុខគីម នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តបទុមវតី ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
06-10-2026 13:26
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងលោកស្រី សួរ សុខគីម ព្រមទាំងសហការី បានដឹកនាំក្រុមគ្រួសារ និងសហការី នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកបណ្ឌិត កៅ ថាច និងស្រីជំទាវ សួរ សុខគីម ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ចំពោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ព្រមទាំង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។
ការចូលរួមធ្វើបុណ្យនេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តសទ្ធាជ្រះថ្លារបស់លោកបណ្ឌិត កៅ ថាច និងលោកស្រី ចំពោះព្រះពុទ្ធសាសនា និងការថែរក្សាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ។ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាប្រពៃណីដ៏សំខាន់មួយ ដែលបានបន្សល់ទុកពីដូនតា ឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរសជាតិ និងស្មារតីសាមគ្គីភាពជាតិនៅក្នុងសង្គមកម្ពុជា៕










