អភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
06-10-2026 10:58
(ហូជីមិញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ការជួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសលោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» នៅសាលាក្រុងហូជីមិញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីរាយការណ៍របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលរាយការណ៍ពីទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងល្អប្រសើរ ចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនាពេលនេះ។លោកអភិបាល ក៏បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលនានារបស់ទីក្រុងហូជីមិញ ដែលបានអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព លោក ឃួង ស្រេង បានជម្រាបជូនភាគីវៀតណាមអំពីការអភិវឌ្ឍរាជធានីភ្នំពេញ ដែលលោកបានលើកឡើងថា កើតចេញពីមូលដ្ឋានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបានតាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។
លោកបន្តថា សុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបង្កើតបាននូវបរិយាកាសសង្គមប្រកបដោយសុខដុមរមនា សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។
លោក ឃួង ស្រេង បានបន្ថែមថា សមិទ្ធផលទាំងនេះកំពុងត្រូវបានបន្តពូនជ្រុំ និងថែរក្សាដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងឈានទៅសម្រេចចក្ខុវិស័យ «កម្ពុជា ឆ្នាំ២០៥០»។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា លោក ឃួង ស្រេង ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាព ខួបលើកទី៥៩ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងដើម្បីអបអរសាទរខួបលើកទី២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
លោកអភិបាលបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បាននាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង»។
សម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ លោក ឃួង ស្រេង បានលើកឡើងថា ភាគីទាំងពីរបានបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ទាំងកម្រិតជាតិ និងកម្រិតទីក្រុង ព្រមទាំងបានរួមគ្នាសម្រេចសមិទ្ធផលជាច្រើន។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានអញ្ជើញលោក ត្រាន់ វ៉ាន់បាយ និងសហការី បំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ក្នុងពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតប លោក ត្រាន់ វ៉ាន់បាយ បានសម្តែងការអបអរសាទរចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ដែលទើបបានធ្វើឡើងរវាងរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។
លោកបានបញ្ជាក់ថា ប្រសិនបើមានបញ្ហាណាមួយកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោង សាលាក្រុងហូជីមិញបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងនេះអាចដំណើរការបានដោយរលូនតាមការគ្រោងទុក។
លោក ត្រាន់ វ៉ាន់បាយ ក៏បានជម្រាបជូនភាគីកម្ពុជាអំពីការរីកចម្រើនរបស់ទីក្រុងហូជីមិញ លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលទីក្រុងកំពុងជួបប្រទះ រួមមាន បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ការបំពុលបរិស្ថាន និងបញ្ហាគ្រឿងញៀន។
លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ កំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ បន្ទាប់ពីការធ្វើសមាហរណកម្មតួនាទី ភារកិច្ច និងការទទួលខុសត្រូវពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ក្នុងជំនួបនេះ លោក ត្រាន់ វ៉ាន់បាយ ក៏បានប្រគល់លិខិតអញ្ជើញផ្លូវការរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ជូនលោក ឃួង ស្រេង ដើម្បីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ ស្តីពីការរួមបញ្ចូលគ្នានៃចលករសេដ្ឋកិច្ចសកលថ្មី ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី»។
វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូសហប្រតិបត្តិការ អ្នកជំនាញ និងតំណាងក្រុមហ៊ុនធំៗ សរុបប្រមាណជាង ១,៥០០នាក់៕


















