កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ៣ទីតាំង ឃាត់ខ្លួនជនជាតិចិន និងវៀតណាមបានជិត៥០នាក់
06-10-2026 10:24
(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងចំនួន៣ ក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងវៀតណាម សរុបចំនួន៤៧នាក់ ក្នុងនោះជនជាតិចិន៣១នាក់ និងជនជាតិវៀតណាម១៦នាក់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែល Fresh News ទទួលបាន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា ប្រតិបត្តិការទាំង៣ទីតាំង បានធ្វើឡើងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយមានលទ្ធផលដូចខាងក្រោម៖
*ប្រតិបត្តិការទី១៖ នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន១២នាក់ ដឹកនាំដោយលោកវរសនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចសណ្ឋាគារ យៀកលាំង កម្ពស់២២ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិចិនចំនួន២២នាក់ សុទ្ធតែជាបុរស។ ក្នុងនោះ នៅជាន់ផ្ទាល់ដីចំនួន១នាក់ ជាអ្នកគ្រប់គ្រង, ជាន់ទី៦ ចំនួន៧នាក់ និងជាន់ទី៨ ចំនួន១៤នាក់ ដែលជាកន្លែងធ្វើការ និងស្នាក់នៅ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតកុំព្យូទ័រលើតុ (All-in-One) ចំនួន២០គ្រឿង, iPad ចំនួន១គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន២៨គ្រឿង, ទូរស័ព្ទដៃសម្រាប់ Online ចំនួន៥២គ្រឿង, គ្រឿងញៀនចំនួន៦កញ្ចប់តូច និងលិខិតឆ្លងដែនចំនួន៨ក្បាល។
*ប្រតិបត្តិការទី២៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យ និងឆែកឆេរអគារមួយកន្លែង ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះជនជាតិចិនចំនួន៩នាក់ រួមមានស្ត្រី១នាក់ និងជនជាតិវៀតណាមចំនួន៦នាក់ សុទ្ធតែជាបុរស។
សមត្ថកិច្ចបានដកហូតកុំព្យូទ័រយួរដៃចំនួន៩គ្រឿង, ទូរស័ព្ទដៃសម្រាប់ Online ចំនួន៥០គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
*ប្រតិបត្តិការទី៣៖ នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យ និងឆែកឆេរនៅចំណុចសណ្ឋាគារ សុខសាន្ត ស្ថិតក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នៅជាន់ទី៥ សមត្ថកិច្ចបានរកឃើញទ្វារដែកបិទឃាំងដាច់ដោយឡែកពីជាន់ផ្សេងៗ មានតុសណ្ឋាគាររៀបចំផ្គុំជាតុធ្វើការ ទូរស័ព្ទដៃសម្រាប់ Online និងម៉ូឌឹម Wi-Fi ដែលជាតម្រុយសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១០នាក់ ក្នុងនោះមានស្ត្រី៣នាក់ ដែលមានមុខរបរជាបុគ្គលិក Online និងស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន១១គ្រឿង, លិខិតឆ្លងដែនចំនួន១០ច្បាប់, ទូរស័ព្ទដៃសម្រាប់ Online ចំនួន១គ្រឿង និង Wi-Fi ចល័តចំនួន១គ្រឿង។
សរុបលទ្ធផលនៃប្រតិបត្តិការទាំង៣ទីតាំង កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ ក្នុងនោះជនជាតិចិន៣១នាក់ និងជនជាតិវៀតណាម១៦នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ ទូរស័ព្ទដៃ លិខិតឆ្លងដែន ឧបករណ៍ Wi-Fi គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៤៧នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងបន្តអនុវត្តតាមនីតិវិធី៕
















