FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីគយ និងមន្ត្រីនគរបាល រឹបអូសគ្រឿងញៀន និងកញ្ឆាក្រៀមជិត៥០គីឡូក្រាម

06-10-2026 09:20

(ភ្នំពេញ)៖ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ៣នាក់ ក្នុងករណីផ្សេងគ្នាចំនួនពីរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរកឃើញសារធាតុសង្ស័យជាគ្រឿងញៀនប្រភេទកូកាអ៊ីន និងកញ្ឆាក្រៀម។

ប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកតាមព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS)។

ក្នុងករណីទី១ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១នាក់ នៅស្ថានីយអ្នកដំណើរចេញ ហើយបានរកឃើញម្សៅម៉ត់ពណ៌សសង្ស័យជាសារធាតុញៀនប្រភេទកូកាអ៊ីន មានទម្ងន់សុទ្ធសរុប ១ ៩៨៤,៨០ក្រាម។

ចំណែកឯករណីទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២នាក់ នៅស្ថានីយអ្នកដំណើរចេញ ដោយបានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៩៧ដុំ ដែលមានទម្ងន់សុទ្ធសរុប ៤៨ ២៥៧,៥ក្រាម។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕