ទឹកចិត្តខ្មែរជួយខ្មែរ! អគ្គិសនីកម្ពុជា នាំយកអំណោយសប្បុរសធម៌ចែកជូនសមាជិកនៃសមាគមស៊ីក្លូកម្ពុជាចំនួន ១៤០នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
05-10-2026 18:06
(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា និងក្រោមការយកចិត្តទុកដាក់របស់លោកបណ្ឌិត ប្រាំង ជលសា ព្រមទាំងថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា តាមរយៈក្រុមយុវជន បានរៀបចំសកម្មភាពសប្បុរសធម៌ ដោយនាំយកថវិកា និងសម្ភារៈឧបត្ថម្ភ ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និយោជិត-កម្មករ និងសប្បុរសជន ចែកជូនដល់បងប្អូនដែលជាសមាជិកនៃសមាគមស៊ីក្លូកម្ពុជា ចំនួន ១៤០នាក់ ។
ក្នុងកម្មវិធីនេះ សមាជិកម្នាក់ៗនៃសមាគមស៊ីក្លូកម្ពុជា ទទួលបាន ថវិកាចំនួន ១០០,០០០រៀល និងអង្ករចំនួន ២០គីឡូក្រាម ដើម្បីរួមចំណែកសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងជាការចូលរួមអបអរសាទរឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សកម្មភាពសប្បុរសធម៌នេះ គឺជាផ្នែកមួយនៃការចូលរួមក្នុងកិច្ចការមនុស្សធម៌ និងសង្គមរបស់អគ្គិសនីកម្ពុជា ព្រមទាំងជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងប្រកបរបរចិញ្ចឹមជីវិតដោយសុចរិត និងខិតខំប្រឹងប្រែង ទោះបីជាជួបប្រទះនឹងការលំបាកក្នុងជីវភាពយ៉ាងណាក៏ដោយ ។
តាងនាមថ្នាក់ដឹកនាំ និយោជិត-កម្មករអគ្គិសនីកម្ពុជា រួមទាំងសប្បុរសជន យុវជនអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ការជូនអំណោយក្នុងឱកាសនេះ មិនត្រឹមតែជាការចូលរួមសម្រាលបន្ទុកផ្នែកសម្ភារៈ និងជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកប្រកបរបរដែលបានរួមចំណែកថែរក្សា និងបន្តអត្តសញ្ញាណដឹកជញ្ជូនខ្មែរនាសម័យអាណានិគមបារំាង ដែលនេះជាផ្នែកមួយនៃមរតកវប្បធម៌និងប្រវត្តិសាស្រ្តសម្រាប់រាជធានីភ្នំពេញផងដែរ ។
សកម្មភាពនេះក៏បានបញ្ជាក់ជាថ្មីពីស្មារតីសាមគ្គីភាព និងការចូលរួមក្នុងសកម្មភាពសង្គមរបស់ថ្នាក់ដឹកនាំ និយោជិត-កម្មករអគ្គិសនីកម្ពុជា ។ ជាមួយនឹងការបំពេញភារកិច្ចក្នុងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច អគ្គិសនីកម្ពុជាក៏បានបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការងារសង្គមនានា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងស្មារតីចែករំលែកក្នុងសង្គមកម្ពុជាផងដែរ ។






























