FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល ជួបសំណេះសំណាលជាមួយមេឃុំមេភូមិ ជំរុញឱ្យយកចិត្តទុកដាក់ត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ  និងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

05-10-2026 17:30

(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារព្រឹទ្ធសភា-រដ្ឋសភា ប្រចាំខេត្តបន្ទាយមានជ័យ នៅស្រុកស្វាយចេក ដែលមានសមាសភាពចូលរួមពីគ្រប់អង្គបោះឆ្នោត និងមន្ត្រីស្រុកឃុំភូមិនៃស្រុកស្វាយចេក សរុបជាង១០០នាក់​។

កិច្ចប្រជុំជួបជុំមេឃុំ និងមេភូមិនេះមានគោលបំណង ដើម្បីជំរុញឱ្យពួកគាត់តាមដានឱ្យជាប់នូវកម្មវិធីរបស់គជប ស្តីពីការចុះឈ្មោះបោះឆ្នោត និងការសំណេះសំណាលជូនពរ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង។

ក្នុងនាមអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ លោកបានណែនាំឱ្យមន្ត្រីឃុំភូមិ ត្រូវយកចិត្តទុកដាក់នូវបញ្ហានានា ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួ​​ន ដោះស្រាយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

នាព្រឹកថ្ងៃដដែលនេះ លោក សេរី កុសល បានបន្តដំណើរពីស្រុកស្វាយចេក មកកាន់ស្រុកភ្នំស្រុក ដើ​​ម្បីចូលរួមកាន់បណ្ឌិ៩ នៅវត្តតាវង ក្នុងឃុំពន្លៃ ដោយបានប្រគេនថវិកា​ ៦០០ដុល្លារ សម្រាប់ការកាន់បណ្ឌិរយៈពេល ៤វេនចុងក្រោយ ដោយសារវត្តតាវង មានព្រះសង្ឃរហូតដល់៣៣អង្គ ហើយមានពុទ្ធបរិស័ទកាន់វេនត្រឹមវេនទី១០ប៉ុណ្ណោះ ដូច្នេះដល់៤វេនទៀត លោកជាអ្នករ៉ាប់រងបន្ត។

ឆ្លៀតឱកាសនោះដែរ នៅរសៀលថ្ងៃដដែលនេះ លោក សេរី កុសល ក៏បានបន្តជួបសំណេះសំណាលជាមួយលោកមេឃុំ មេភូមិដែលនៅក្នុងភូមិទាំង៦នៃឃុំពន្លៃសរុបជាង៥០នាក់ ដើម្បីជម្រាបអំពីការងារបោះឆ្នោតនាពេលខាងមុខ ដោយត្រូវគោរពតាមគោលការណ៍នានារបស់ គ.ជ​.ប និងជូនពរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ។ បន្ទាប់បញ្ចប់ការសំណេះសំណាល លោកបានឧបត្ថម្ភថវិកា​មួយចំនួនដល់មេឃុំ និងមេភូមិជាង៥០នាក់ រួមទាំងទទួលនំបញ្ចុកសាមគ្គីរួមគ្នាផងដែរ៕