រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ!
05-10-2026 16:59
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃ ខាងមុខនេះ។
យោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា គោលការណ៍ណែនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា មានខ្លឹមសារសំខាន់ៗចំនួន ៣ចំណុច រួមមាន៖
១៖ រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលរារាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។
២៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញ-ចូលរាជធានីភ្នំពេញ តំបន់ផ្លូវប្រសព្វ និងស្ពានធំៗ ដើម្បីធានាឱ្យលំហូរចរាចរណ៍មានភាពរលូន និងមិនមានការកកស្ទះយូរអង្វែង។
៣៖ អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍នៅលើដងផ្លូវ។
ការដាក់ចេញនូវវិធានការទាំងនេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅកាន់ទីវត្តអារាមនានាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយសេចក្តីសុខក្សេមក្សាន្ត៕


