FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កើនដល់កន្លះលាននាក់

05-10-2026 16:39

(ភ្នំពេញ)៖ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកើនឡើងដល់ ៥០០ ០០០ ​នាក់ នៅទូទាំងប្រទេស ​ជាសញ្ញាណវិជ្ជមានមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់ លោក ឌុន ថន ដែលជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានគេទទួលស្គាល់ថាជាអ្នកចុះឈ្មោះទី ៥០០ ០០០ ។

លោក ឌុន ថន បានរៀបរាប់ពីបទពិសោធន៍របស់លោកថា៖ «ខ្ញុំបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅធនាគារ អេស៊ីលីដា ចំណាយពេលបួនដប់នាទី ហើយប្រហែល ២-៣ ម៉ោង គេអនុម័តសំណើខ្ញុំ»។ ​

ការកើនឡើងនៃចំនួនអ្នកចុះឈ្មោះនេះ មិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមរយៈការចុះឈ្មោះនេះ ពួកគេអាចទទួលបាននូវអត្ថប្រយោជន៍ និងការការពារនានា ដែលនឹងជួយឱ្យពួកគេមានភាពរឹងមាំ និងមានសក្តានុពលកាន់តែខ្ពស់ក្នុងការអភិវឌ្ឍមុខរបររបស់ខ្លួន។

ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងជួយរាជរដ្ឋាភិបាលក្នុងការផ្តល់អន្តរាគមន៍ចំគោលដៅ។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបាន អត្តសញ្ញាណផ្លូវការជាទម្រង់ឌីជីថល និងវិញ្ញាបនបត្រចុះឈ្មោះដែលទទួលស្គាល់តួនាទី និងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ ម្ចាស់អាជីវកម្មដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនតម្រូវឱ្យបង់ពន្ធ ដូចជាពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។ ការចុះឈ្មោះនេះក៏ផ្តល់លទ្ធភាពឱ្យបងប្អូន បង្កើនសមត្ថភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាល និងកម្មវិធីបណ្ណជំនាញ (Skill Voucher) ដើម្បីពង្រឹងជំនាញដែលមានស្រាប់ និងចាប់យកជំនាញថ្មីៗ។

លើសពីនេះ ការចុះឈ្មោះនេះប្រៀបដូចជាកូនសោដែលផ្តល់ភាពងាយស្រួលក្នុងការ ស្នើសុំសេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងជៀសវាងការចងការប្រាក់ក្រៅផ្លូវការ។ អ្នកចុះឈ្មោះក៏មានលទ្ធភាព ចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលបានអត្ថប្រយោជន៍ថែទាំសុខភាព។ ចំពោះអ្នកដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌សុខាភិបាល។ រាជរដ្ឋាភិបាលក៏នឹងផ្តល់ អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកើតចេញពីវិធានការអន្តរាគមន៍នានា ជាពិសេសក្នុងអំឡុងពេលមានវិបត្តិធំៗ ដូចជាវិបត្តិជំងឺកូវីដ-១៩ ជាដើម។

រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ជារួមនៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយការចុះឈ្មោះនេះគឺ ស្ម័គ្រចិត្តទាំងស្រុង និងឥតគិតថ្លៃ ដោយមិនមានការបង្ខិតបង្ខំ ឬការចំណាយអ្វីទាំងអស់។ ។ តាមរយៈការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស​ តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME និងធនាគារ ARDB ។

ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះ រួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​៕