FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដីក្រសួងអប់រំ៖ បច្ចេកវិទ្យាមិនមែនជាគោលដៅនៃការអប់រំនោះទេ ប៉ុន្តែគ្រាន់ជាឧបករណ៍សម្រាប់ពង្រឹងការរៀនសូត្រ

05-10-2026 16:32

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្នុងវិស័យអប់រំ ការប្រើប្រាស់បច្ចេកវិទ្យា ក៏ត្រូវមានគោលដៅច្បាស់លាស់ ព្រោះបច្ចេកវិទ្យា មិនមែនជាគោលដៅនៃការអប់រំនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ពង្រឹងការរៀនសូត្រ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី មិនអាចជោគជ័យដោយផ្អែកតែលើការបណ្តុះបណ្តាលគ្រូក្នុងរយៈពេលខ្លីនោះទេ, យើងត្រូវបង្កើត ប្រព័ន្ធអេកូគរុកោសល្យ ដែលមានបរិយាកាស និងប្រព័ន្ធគាំទ្រគ្រូឱ្យអាចអនុវត្តវិធីសាស្ត្រថ្មីៗបានជាក់ស្តែង។ ប្រការនេះតម្រូវឱ្យមានការ គាំទ្រពីនាយកសាលា គ្រូប្រឹក្សាគរុកោសល្យ ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ ការសង្កេត និងផ្តល់មតិយោបល់ការចែករំលែកបទពិសោធន៍ និងការសហការរវាងគ្រូនិងគ្រូ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ការធ្វើទំនើបកម្មវិធីសាស្ត្របង្រៀន គឺជាផ្នែកមួយនៃការកែលម្អគុណភាពអប់រំទាំងមូល។ យើងត្រូវភ្ជាប់ការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនជាមួយការអភិវឌ្ឍកម្មវិធីសិក្សា រង្វាយតម្លៃការសិក្សាសិស្ស ការប្រើប្រាស់បច្ចេកវិទ្យា ការអប់រំ STEM ការអភិវឌ្ឍគ្រូបង្រៀន និងភាពជាអ្នក ដឹកនាំសាលារៀន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានបញ្ជាក់ដែរថា ការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានគោលដៅច្បាស់លាស់ ព្រោះបច្ចេកវិទ្យាមិនមែនជាគោលដៅនៃការអប់រំនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ពង្រឹងការរៀនសូត្រប៉ុណ្ណោះ, យើងគួរប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងធនធានឌីជីថល ដើម្បីជំរុញការរៀនដោយខ្លួនឯង ការស្រាវជ្រាវ ការរៀនអាស្រ័យលើបញ្ហា ការរៀនបែបស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ។

ក្នុងន័យនេះការទំនើបកម្មវិធីសាស្ត្របង្រៀន មិនមែនមានន័យថា យើងត្រូវបោះបង់ វិធីសាស្រ្តចាស់ទាំងអស់នោះទេ។ ផ្ទុយទៅវិញយើងត្រូវចេះរួមបញ្ចូល និងជ្រើសរើសវិធីសាស្ត្រផ្សេងៗ ឱ្យសមស្របនឹងគោលបំណង មាតិកា សិស្ស និងបរិបទជាក់ស្តែង។ ការទំនើបកម្មវិធីសាស្ត្របង្រៀនសម្រាប់សតវត្សទី២១ មិនមែនជាការផ្លាស់ប្តូរឧបករណ៍ ឬបច្ចេកទេសបង្រៀនតែប៉ុណ្ណោះទេ វាគឺជាការផ្លាស់ប្តូរ ផ្នត់គំនិតអំពីការបង្រៀន និងការរៀន៕