FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ អំពាវនាវឲ្យភ្ញៀវទេសចរ មកទស្សនាកម្ពុជានារដូវកាលបៃតង ដើម្បីស្គាល់សម្រស់ថ្មី ភ្លក្សម្ហូបប្រចាំតំបន់ និងទទួលភាពកក់ក្តៅពីប្រជាជនកម្ពុជា

05-10-2026 16:28

(កំពត)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» ដែលរៀបចំឡើងនៅខេត្តកំពត នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានលើកឡើងថា «មកទស្សនាកម្ពុជានារដូវកាលបៃតង មកស្គាល់សម្រស់ថ្មី មកភ្លក្សរសជាតិម្ហូបប្រចាំតំបន់ និងមកទទួលភាពកក់ក្តៅពីប្រជាជនយើង។ ទេសភាពអាចធ្វើឱ្យអ្នកចង់មក ប៉ុន្តែភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗ នឹងធ្វើឱ្យអ្នកចង់ត្រឡប់មកវិញ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក បំផុសស្មារតីស្រឡាញ់ជាតិ ស្រឡាញ់មាតុភូមិ និងចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបី អរូបី និងធនធានធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

ព្រឹត្តិការណ៍នេះ ក៏មានគោលដៅលើកកម្ពស់កិត្តិនាមកម្ពុជា និងបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏ស្រស់ស្អាត ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តកំពត និងថ្នាក់ដឹកនាំខេត្តគ្រប់ជំនាន់ ដែលបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ និងបន្តអភិវឌ្ឍខេត្តកំពតឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តកំពត រួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរជុំវិញខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ខេត្តកំពតបានបន្តបង្កើតសមិទ្ធផលថ្មីៗ ដែលធ្វើឱ្យខេត្តមានមុខមាត់កាន់តែស្រស់ស្អាត ទាក់ទាញ និងមានភាពល្បីល្បាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍។

លោកបានបន្តថា រដូវកាលបៃតង គឺជាពេលវេលាដែលកម្ពុជាបង្ហាញសម្រស់ដ៏ពិតប្រាកដ និងរស់រវើករបស់ខ្លួន ដោយធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល ដែលអាចបង្កើតជាបទពិសោធន៍ទេសចរណ៍ថ្មីៗ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

លោក ហួត ហាក់ បានបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងរដូវកាលបៃតង។

តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយសម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដោយមានបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើនកំពុងរង់ចាំការស្វែងយល់ និងរុករក។

គួរជម្រាបថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» ឆ្នាំ២០២៦ បានចាប់ផ្តើមនៅរាជធានីភ្នំពេញ បន្ទាប់មកបន្តទៅកាន់តំបន់បេតិកភណ្ឌ និងវប្បធម៌នៅខេត្តសៀមរាប បន្តទៅភូមិភាគឦសាន ដើម្បីបង្ហាញសម្រស់ធម្មជាតិ និងសក្តានុពលអេកូទេសចរណ៍ ហើយបន្តមកកាន់តំបន់ឆ្នេរសមុទ្រនៅខេត្តកំពត ដើម្បីបង្ហាញពីអត្តសញ្ញាណ និងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបតាមតំបន់នីមួយៗ។

ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នឹងត្រូវបិទបញ្ចប់នៅរាជធានីភ្នំពេញវិញ ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២៦៕