FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីពង្រឹងការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ

05-10-2026 16:24

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ អំពីសិទ្ធិ កាតព្វកិច្ច និងការចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តព្រះវិហារ និងលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុកទាំង៨ ព្រមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្តីពីកាតព្វកិច្ចយោធា ទៅដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តនៅតាមមូលដ្ឋានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់។

លោកថ្លែងបញ្ជាក់ទៀតថា កិច្ចប្រជុំនេះក៏ជាវេទិកាសម្រាប់បំភ្លឺ និងលើកឡើងនូវបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា ដើម្បីឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ មានការយល់ដឹងច្បាស់លាស់ និងអាចចូលរួមផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែទូលំទូលាយ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយផ្អែកលើការយល់ដឹងច្បាស់លាស់ ការទទួលខុសត្រូវ និងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីធានាឱ្យដំណើរការអនុវត្តច្បាប់ប្រព្រឹត្តទៅបានល្អប្រសើរ និងមានប្រសិទ្ធភាព ហើយលោកសូមអំពាវនាវដល់យុវជនដែលមានអាយុ១៨ ទៅ២៥ឆ្នាំ ត្រូវស្វែងយល់ពីភារកិច្ចរបស់ខ្លួនដែលត្រូវបម្រើជាតិ និងត្រូវចូលរួមបំពេញកាតព្វកិច្ចយោធារយះពេល២៤ខែ ស្មើ២ឆ្នាំ។

ដោយឡែកលោក មិន ដោយឡែកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីឱ្យមានការយល់ដឹងច្បាស់លាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងជៀសវាងការយល់ច្រឡំ ឬការអនុវត្តមិនស្របតាមច្បាប់។

លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងស្នើឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ បន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងច្បាស់លាស់ ដើម្បីធានាថាការអនុវត្តកាតព្វកិច្ចយោធានៅមូលដ្ឋាន ប្រព្រឹត្តទៅដោយរលូន តម្លាភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន៕