ពលករ និងសហគមន៍ខ្មែរជាង ២ពាន់នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅកូរ៉េ
05-10-2026 16:24
(សាធារណរដ្ឋកូរ៉េ)៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ២ ៥០០ (ពីរពាន់ប្រាំរយ) នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ផាក គូនថែក សមាជិកសភាជាតិកូរ៉េ សមាជិកក្រុមប្រឹក្សាក្រុង ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាឆុនណាំក្វាងជូ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរកងទ័ពកម្ពុជាដែលបានពលី និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតបរិយាកាសនៃការជួបជុំសាមគ្គីរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។
វត្តមានដ៏ច្រើនកុះកររបស់បងប្អូនខ្មែរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក៏បានបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរ ទោះបីកំពុងរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសនោះ លោក សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យបងប្អូនពលករខ្មែរ បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌ រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីរួមគ្នាថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាតិខ្មែរ៕










