សិស្សប្រឡងជាប់និទ្ទេសល្អ ក្នុងស្រុកចំនួន៦ នៃខេត្តកណ្តាល ទទួលបានរង្វាន់លើកទឹកចិត្ត
05-10-2026 16:17
(កណ្តាល)៖ បណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃសៅរិ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីផ្តល់រង្វាន់លើលទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A, B និង C មកពីស្រុកចំនួន៦ ក្នុងខេត្តកណ្តាល។
ពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីបណ្ឌិតសភាចារ្យ ជូ វិជិត្ត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល។
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មាននិទ្ទេស A ចំនួន៥៣នាក់ និទ្ទេស B ចំនួន២៦៥នាក់ និងសិស្សទទួលបាននិទ្ទេស C ចំនួន៨០១នាក់។ សិស្សទាំងអស់នេះ មកពីវិទ្យាល័យក្នុងស្រុកខ្សាច់កណ្តាល មុខកំពូល ល្វាឯម កៀនស្វាយ, ស្រុកពញាឮ និងក្រុងអរិយក្សត្រ សរុបទាំងអស់ចំនួន ១ ១១១៩នាក់ ស្រី៧១៦នាក់។
សិស្សនិទ្ទេស A ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូអគ្គិសនីសេរីថ្មីមួយគ្រឿង ផលិតនៅក្នុងប្រទេសកម្ពុជា។ សិស្សនិទ្ទេស B ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល ចំណែកសិស្សនិទ្ទេស C ម្នាក់ៗ ទទួលបានថវិកាចំនួន១៥ម៉ឺនរៀល។ ក្នុងចំណោមស្រុកទាំង៦ ស្រុកខ្សាច់កណ្តាលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ គឺមានចំនួន១៧នាក់។
សូមរំឭកថា កាលព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំបក្ខជនត្រៀមប្រឡងមកពីវិទ្យាល័យចំនួន៣ របស់ស្រុកខ្សាច់កណ្ដាលថា នាគតរបស់ក្មួយសិស្សានុសិស្ស ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។
បណ្ឌិត កៅ ថាច បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់នាពេលនោះថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា «គ្មាននរណាម្នាក់កើតមកវេចសម្ពាយចណេះដឹងមកជាមួយទេ ពោលគឺចំណេះដឹងកើតមានដោយការខិតខំរៀនសូត្រ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ» ហើយក៏បានចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ ដែលខ្លួនស្រលាញ់ពេញចិត្ត៕











