មន្ត្រីជលផលខេត្តកណ្ដាល បង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃបានជាង ២០០គីឡូក្រាម តែជនសង្ស័យរួចខ្លួន
05-10-2026 15:59
(កណ្តាល)៖ សត្វពស់ថ្លាន់ទម្ងន់ ១៧១គីឡូក្រាម និងពស់ចម្រុះ២៣គីឡូក្រាម ដែលជាសត្វអភិរក្ស បង្កប់ក្រោមត្រី អន្ទង់ និងខ្យង ត្រូវបានស្ទាក់បង្ក្រាប ក្នុងពេលដឹកជញ្ជូនទៅលក់ឲ្យម៉ូយ ប៉ុន្តែជនសង្ស័យម្នាក់ បានរត់គេចខ្លួន ប្រមូលបានតែវត្ថុតាងសត្វពស់ និងម៉ូតូ២គ្រឿងទៅបាត់។
តាមការលួចបង្ហើបពីសមត្ថកិច្ច, ករណីនេះសង្ស័យមានការជាប់ពាក់ព័ន្ធមន្ត្រីអង្គការអភិរក្សហៅកាត់ NRCD ម្នាក់ឈ្មោះ ប៊ិន បានរំដោះជនសង្ស័យម្នាក់ទៀតយកទៅបាត់។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីចុងសប្ដាហ៍ទៅនេះ ដែលដឹកនាំដោយលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដោយបានឆ្មក់ស្ទាក់បង្ក្រាបអំពីដឹកជញ្ជូន និងជួញដូរសត្វព្រៃដោយខុសច្បាប់ នៅតាមបណ្តាយផ្លូវលេខ១១០ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង។
នាយខណ្ឌបានបញ្ជាក់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ច្បាស់ការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សប្រុស-ស្រី២នាក់ បានកំពុងជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿង ដឹកសត្វព្រៃ មានសត្វពស់ និងអណ្តើក ចេញពីក្នុងភូមិសាស្ត្រឃុំប្រាសាទ យកទៅលក់ឱ្យឈ្មួញ លោកបានបញ្ជាឱ្យកម្លាំងជំនាញ ដឹកនាំដោយលោក ទេព ទូច ឃ្លាំមើល ហើយក៏បានឃើញមនុស្ស និងម៉ូតូដូចភិនភាគដែលអ្នកភូមិរាយការណ៍ ក៏ឃាត់ដើម្បីពិនិត្យ ហើយគ្រាន់តែកម្លាំងយើងឃាត់ ជនសង្ស័យម្នាក់បាត់រត់គេចចោលម៉ូតូ និងឃាត់បានតែស្រ្តីម្នាក់ប៉ុណ្ណោះ។
ប៉ុន្តែពេលដឹកវត្ថុតាងដើម្បីយកទៅសាលាស្រុកស្អាង ក៏មានមន្ត្រីអង្គការអភិរក្សហៅកាត់ NRCD ម្នាក់ឈ្មោះ ប៊ិន បានបើករថយន្តមករំដោះយកទៅបាត់ ហើយបច្ចុប្បន្នកំពុងតាមស្រាវជ្រាវតាមប្រម៉ាញ់ជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់ ចំណែកឯសត្វពស់ទាំងអស់ ក៏បានប្រគល់ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល ដើម្បីយកទៅសង្គ្រោះ មុននឹងលែងទៅព្រៃធម្មជាតិវិញ៕







