FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដីក្រសួងអប់រំ ស្នើឪពុកម្តាយជួយលើកទឹកចិត្តកូនចៅ ឱ្យចេះគោរព ឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ

05-10-2026 15:56

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ស្នើដល់លោកឪពុក អ្នកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់នៅទូទាំងប្រទេស សូមចូលរួមចំណែកឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយអប់រំកូនចៅ ឱ្យចេះគោរព ឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ ដោយសារពួក គាត់បានបង្ហាត់បង្រៀនឱ្យកូនចៅរបស់យើង ឱ្យមានចំណេះដឹង ជំនាញ សមត្ថភាពពិតប្រាកដ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។

ថ្លែងនៅក្នុងគ្រូបង្រៀន ៥ តុលា ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ដើម្បីឱ្យទិវាគ្រូបង្រៀនកាន់តែត្រូវបានចាត់ទុកជាទិវាដ៏មានសារៈសំខាន់ លោកបានស្នើដល់ក្មួយៗសិស្សានុសិស្ស និស្សិត និងយុវជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប គប្បីប្រកាន់ខ្ជាប់នូវកតញ្ញូតាធម៌ តាមរយៈការតបស្នងសងគុណដោយប្រការផ្សេងៗ គ្រប់ពេលវេលា និងគ្រប់មធ្យោបាយ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង ហើយសូមឧទ្ទិសឱ្យ «ទិវាគ្រូបង្រៀន ៥ តុលា» នេះ ក្លាយទៅជាទិវាដឹងគុណគ្រូ ដែលស្ថិតនៅជាអមតៈ ក្នុងបេះដូង របស់សិស្សានុសិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋគ្រប់វ័យ គ្រប់ជំនាន់ និងគ្រប់សម័យ កាលតរៀងទៅ។

ជាមួយនេះលោករដ្ឋមន្រ្ដីក្រសួងអប់រំ ក៏ស្នើដល់លោកឪពុក អ្នកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់នៅ ទូទាំងប្រទេស សូមចូលរួមចំណែកឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយអប់រំកូនចៅ ឱ្យចេះគោរព ឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ ដោយសារពួក គាត់បានបង្ហាត់បង្រៀនឱ្យកូនចៅរបស់យើងឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព ទេពកោសល្យ ដឹងខុស ដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ យល់ការណ៍រាក់ជ្រៅ និងកសាងអនាគតបានភ្លឺស្វាង និងរុងរឿង។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យសម្បូររុងរឿង៕