សមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល នាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋខ្វះខាត ៤គ្រួសារ នៅខេត្តតាកែវ
05-10-2026 15:20
(តាកែវ)៖ សមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ពិការភាព និងចាស់ជរាចំនួន ៤គ្រួសារ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងក្រោមវត្តមានលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល រួមជាមួយលោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល តំណាងលោក ផេង គីមស្រ៊ុន និងលោក រីន រ៉ាវី ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន។ អំណោយដែលបានចែកជូនរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ មី ទឹកសុទ្ធ ស្ករស អំបិល ប៊ីចេង ប្រេងឆា ភេសជ្ជៈ និងថវិកាចំនួន ៤០,០០០រៀល ក្នុងមួយគ្រួសារ។
លោក ម៉ៅ ផល្លា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្មោះស្ម័គ្រ និងស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីប្រជាជន ដើម្បីប្រជាជន។
លោក ទួន សុខុន បានឱ្យដឹងដែរថា ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារថ្នាលយុវជនកម្ពុជាទូទាំងរាជធានី-ខេត្ត សូមប្ដេជ្ញាចិត្តបន្តគាំទ្រសម្ដេចធិបតី ដើម្បីដឹកនាំប្រទេសជាតិបន្តទៀត និងសូមជូនពរដល់សម្ដេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជូនជាតិមាតុភូមិ៕
















