FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនទាន់ដឹងថា អនាគតចង់ធ្វើអ្វី? ស្អែកនេះ មកស្វែងរកចម្លើយនៅ​វេទិកា​តម្រង់ទិសជំនាញសិក្សា មុខរបរ និងការងារ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ

05-10-2026 15:13

(កំពង់ស្ពឺ)៖ សិស្សានុសិស្ស និងអាណាព្យាបាល នឹងមានឱកាសទទួលបានព័ត៌មាន និងចំណេះដឹងជាក់ស្តែងពាក់ព័ន្ធនឹងគន្លងអប់រំ ជំនាញវិជ្ជាជីវៈ មុខរបរ និងតម្រូវការទីផ្សារការងារ តាមរយៈ «វេទិកាតម្រង់ទិសជំនាញសិក្សា មុខរបរ និងការងារ» ដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង១១៖០០ព្រឹក។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកានេះមានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ព្រោះការជ្រើសរើសជំនាញសិក្សា និងអាជីព គួរតែផ្អែកលើចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការរបស់ទីផ្សារការងារ។

លោកបាននិយាយថា៖ «ក្នុងវេទិកានេះ យើងចង់ឱ្យសិស្សានុសិស្សបានស្គាល់ខ្លួនឯង ស្គាល់ជំនាញដែលខ្លួនចូលចិត្ត និងស្គាល់ពីឱកាសការងារដែលមាននៅក្នុងទីផ្សារ ដើម្បីអាចរៀបចំផែនការសិក្សា និងអាជីពរបស់ខ្លួនបានច្បាស់លាស់ជាងមុន»។

ទីភ្នាក់ងារជាតិមុខរបរនិងការងារ បានឱ្យដឹងថា វេទិកានេះមានគោលបំណង ជួយឱ្យសិស្សានុសិស្សអាចស្គាល់ពីចំណង់ចំណូលចិត្ត បុគ្គលិកលក្ខណៈ និងទេពកោសល្យរបស់ខ្លួន ព្រមទាំងទទួលបានព័ត៌មានអំពីជំនាញ និងមុខរបរដែលមានតម្រូវការនៅក្នុងទីផ្សារការងារ ដើម្បីអាចរៀបចំផែនការសិក្សា និងកំណត់គោលដៅអាជីពរបស់ខ្លួនបានកាន់តែច្បាស់លាស់។

តាមរយៈវេទិកានេះ សិស្សានុសិស្សនឹងទទួលបានការណែនាំអំពីគន្លងអប់រំទាំង៣ ព័ត៌មានអំពីជំនាញ និងមុខរបរ ដែលមានសក្តានុពល ព្រមទាំងមានឱកាសស្វែងយល់ពី ការបណ្តុះបណ្តាលជំនាញ និងបទពិសោធន៍ជាក់ស្តែងពីស្ថាប័នអប់រំ និងវិស័យឯកជន។

ប្រភពដដែលបានឱ្យដឹងទៀតថា ​ កម្មវិធីនេះសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស (TVET) មន្ទីរអប់រំយុវជន និងកីឡា ស.ស.យ.ក វិស័យការងារ​ និងរដ្ឋបាលស្រុកបរសេដ្ឋ ដែលចូលរួមតាំងបង្ហាញពីក្រុមហ៊ុនធំៗ ចំនួន ០៣។

​ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឱ្យសិស្សានុសិស្ស​ចូលរួមក្នុងវេទិកាឱ្យបានកុះករ ដើម្បីទទួលបានបទពិសោធន៍ និងរៀបចំផែនការសិក្សា និងអាជីពនាពេលអនាគតបានល្អ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ / ០៧៧ ២៣២ ៣៧៨ ឬ Hotline ១២៩៧៕