បណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ផ្ដល់កុំព្យូទ័រ និងថវិកាមួយចំនួន ជូនសិស្សនិទ្ទេស A នៅស្រុកជើងព្រៃ
05-10-2026 15:08
(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងប្រគល់កុំព្យូទ័រចំនួន ១គ្រឿង រួមទាំងថវិកា ចំនួន ១លានរៀល ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ ដែលទទួលបាននិទ្ទេស A ចំនួន ៦នាក់ (សិស្សស្រីចំនួន៤នាក់ និងប្រុស២នាក់) នៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម។
ពិធីសំណេះសំណាលខាងលើនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោក លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លេខាគណៈកម្មការទី៣នៃរដ្ឋសភា ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ ថ្នាក់ដឹកនាំតាមភូមិឃុំទាំង១០ អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលរបស់សិស្សានុសិស្សផងដែរ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។
នាឱកាសនោះលោកបណ្ឌិតចារ្យ ម៉ា ឈឿន បានថ្លែងថា ថ្ងៃនេះជាកម្មវិធីមួយដ៏រីករាយជាមួយនឹងលទ្ធផលក្នុងវិស័យអប់រំរបស់សិស្សានុសិស្សនៅស្រុកជើងព្រៃ ។លោកបណ្ឌិតសភាចារ្យបានថ្លែងបន្ដថា លទ្ធផលដ៏ល្អនេះ គឺកើតចេញដំបូងបង្អស់ពីការខិតខំប្រឹងប្រែងរបស់អាណាព្យាបាលសិស្ស សាស្ដ្រាចារ្យជាគ្រូបង្រៀន និងសមីខ្លួនឯងផ្ទាល់តែម្តងដែលដើរតួនាទីយ៉ាងសំខាន់ ខណៈដែលប្រទេសយើងមានសុខសន្ដិភាព។
លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានថ្លែងថា តាមរបាយការណ៍ការចូលរួមប្រឡងនៅទូទាំងស្រុកជើងព្រៃ មានសិស្សចូលរួមប្រឡងចំនួន ៨៨០នាក់ ស្រីចំនួន ៥២៩នាក់ ក្នុងនោះចំនួនសិស្សស្រីប្រឡងជាប់មានច្រើនបុរស លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា «នេះជាការឆ្លើយតបមួយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលតែងតែយកចិត្តទុក្ខដាក់ និងលើកម្ពស់យេនឌ័រ ដោយផ្តល់ឱកាសឲ្យស្ដ្រីមានតួនាទី មុខតំណែង ជាអ្នកដឹកនាំ នៅតាមបណ្តាក្រសួងស្ថាប័ន។ដូច្នេះក្នុងឳកាសនេះលោកបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍គន្លឹះណែនាំបន្ថែមទៀតដល់សិស្សានុសិស្ស ពិសេសសិស្សជាស្ដ្រី ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យចប់ចុងចប់ដើម តស៊ូជន្នះបន្ដទៅមុខទៀតដោយភាពមុតមាំ ដើម្បីក្លាយជាធនធានដ៏កម្រសម្រាប់សង្គមជាតិ ។ជាការកក់សម្គាល់របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង ក៏ដូចជាក្រសួងសមី ចាប់អារម្មណ៍ទៅលើស្ដ្រីភេទ ដែលក្នុងគោលការណ៍របស់រាជរដ្ឋាភិបាល គឺផ្ដោតយកចិត្ដទុកដាក់ខ្ពស់ទៅលើយេនឌ័រ ដែលយេនឌ័រជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាការអភិវឌ្ឍប្រទេសជាតិ។ ក្នុងន័យនេះមិនមែនតែជំរុញតែស្ដ្រីនោះទេ បុរសក៏ត្រូវតែខិតខំប្រឹងប្រែងផងដែរ ព្រោះធនធានមនុស្សជាកត្ដាដ៏សំខាន់បំផុត ដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន»។
តាមនាមឱ្យប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ក៏ដូចជាងតាមនាមឱ្យគណប្រជាជនកម្ពុជា លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានសម្ដែងនូវការកោតសរសើរដល់សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងនាយកគ្រប់គ្រងរបស់វិទ្យាល័យទាំង៤ នៃស្រុកជើង ត្បិតតែសិស្សនៅវិទ្យាល័យតែ២ប៉ុណ្ណោះដែលបានសិស្សប្រឡងជាប់និទ្ទេស A គឺវិទ្យាល័យ ហ៊ុន សែន ស្គន់ និងវិទ្យាល័យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ ។ នាឱកាសនេះលោកបណ្ឌិតសភាចារ្យក៏សូមចូលរួមអបអរដល់សិស្សានុសិស្សដែលប្រឡងជាប់គ្រប់និទ្ទេសទាំងអស់ ដែលសុទ្ធតែធនធានមួយត្រូវបន្ដដុះខាត់ឱ្យមុតស្រួច ដើម្បីបន្ដជួយអភិវឌ្ឍជាតិ មាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏បានកោតសរសើរផងដែរដល់សិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់ ពិសេសសិស្សនារី ដែលក្នុងសម័យកាលនេះគួរឲ្យមានមោទនភាព ដោយឃើញថាស្ដ្រីគឺជាប់ច្រើនជាបុរស ហើយក៏មានបាននិទ្ទេសល្អប្រសើរទៀតផង ។តែទោះជាយ៉ាងណាលោកស្រីបណ្ឌិត សូមបន្ដលើកទឹកចិត្ដដល់សិស្សជានារី ត្រូវបន្ដសិក្សារៀនសូត្រ ដល់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិត ព្រោះតាមការកក់សម្គាល់ឃើញថាស្ដ្រីមានចំនួនធ្លាក់ចុះ ជាងបុរស ពីដល់ថ្នាក់អនុបណ្ឌិ ឬបណ្ឌិត។
លោកស្រីបណ្ឌិតបានពន្យល់ថា និន្នាការនៃការថយចុះនេះ គឺបណ្តាលមកពីកត្តាសង្គម និងកាតព្វកិច្ចគ្រួសារ ដែលជាសម្ពាធបង្ខំឱ្យស្ត្រីមួយចំនួនធំ ត្រូវលះបង់ការសិក្សាដើម្បីងាកមកមើលថែទាំគ្រួសារវិញ។ ផ្អែកលើទិដ្ឋភាពនេះ លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ថា «សង្គមជាតិពិតជាត្រូវការចំណេះដឹង សមត្ថភាព និងការចូលរួមចំណែកពីស្ត្រីជាចាំបាច់ ហេតុនេះការគាំទ្រ និងការបើកឱកាសឱ្យស្ត្រីបានរៀនសូត្ររហូតដល់កម្រិតខ្ពស់បំផុត គឺជារឿងដែលមិនអាចខ្វះបានសម្រាប់អនាគតប្រទេសជាតិ»។
ទន្ទឹមនឹងនោះលោក លន់ លឹមថៃ ក៏បានបញ្ជាក់ផងដែរថា លទ្ធផលទាំងនេះគឺផ្ដើមចេញពីសុខសន្ដិភាព បើគ្មានសន្តិភាពនោះទេ យើងគ្មានឱកាសបានរៀន បានសូត្រមកដល់ថ្ងៃនេះទេ។ លោកបានរំលឹកពីអតីតកាលដ៏ជូរចត់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងមាតាបិតារបស់សិស្សានុសិស្ស ធ្លាប់បានហែលឆ្លងកាត់មហាទុក្ខសោក និងមហាវេទនាយ៉ាងខ្លាំងក្លា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធជាតិស្ទើរគ្មានសេសសល់។ នៅក្នុងជំនាន់នោះ គឺគ្មានសាលារៀនល្អ គ្មានកង់ គ្មានសូម្បីតែស្បែកជើងពាក់ និងគ្មានឱកាសទទួលបានការអប់រំទាល់តែសោះ។ ផ្អែកលើការប្រៀបធៀបរវាងសម័យកាលទាំងពីរ លោកបានបន្ថែមថា «ការដែលក្មួយៗជំនាន់នេះ បានរៀនសូត្រ អាចប្រឡងជាប់ និងទទួលបាននិទ្ទេស A នាពេលនេះ គឺពិតជាមហាសំណាងខ្លាំងណាស់ ព្រោះវាជាសម័យកាលដែលប្រទេសជាតិមានការអភិវឌ្ឍ សាលារៀនស្អាត និងមានសម្ភារៈសិក្សាគ្រប់គ្រាន់»។
ព្រមជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស បានថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដែលតែងតែជួយជំរុញលើកទឹកចិត្ដ ជាអនុសាសន៍ទិសដៅការងារ ការសិក្សា ថវិកា អាហារូបករណ៍ និងជួយកសាងសិមិទ្ធផលនានានៅទូទាំងស្រុកជើង ដែលជាកម្លាំងចិត្ដជំរុញ និងផ្ដល់ក្ដីសង្ឃឹមប្រជាជននៅស្រុកជើងព្រៃ រស់នៅប្រកបដោយភាពកក់ក្ដៅ និងការសប្បាយរីករាយ ។ជាក់ស្ដែងការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកន្លងមក បានផ្ដល់ផ្លែផ្កាជាច្រើនដល់ប្រជាជន សុខសុវត្ថិភាព និងការសម្រាលការលំបាកគ្រប់រូបភាព។
ជាទីបញ្ចប់នៃកម្មវិធី លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញប្រគល់វត្ថុអនុស្សាវរីយ៍ និងរង្វាន់លើកទឹកចិត្ត ជាកុំព្យូទ័រមួយគ្រឿង និងថវិកាចំនួន ១លានរៀល ជូនដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៦រូប ព្រមទាំងបានថតរូបអនុស្សាវរីយ៍រួមគ្នា ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕
























