FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពមន្ត្រីរាជការដែលមានស្រាប់ ក្នុងបរិការណ៍ដែលការជ្រើសរើសមន្ត្រីថ្មីបន្ថែមត្រូវបានរឹតត្បិត

05-10-2026 15:00

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការប្រើប្រាស់មន្ត្រីរាជការ ដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព និងសក្តានុពល ដោយពង្រាយមន្ត្រីឱ្យចំជំនាញ និងចំគោលដៅ ដែលការណែនាំនេះធ្វើឡើងក្នុងបរិការណ៍ ដែលការជ្រើសរើសមន្ត្រីថ្មីបន្ថែមត្រូវបានរឹតត្បិត សំដៅពង្រឹងគុណភាពជាជាងពង្រីកបរិមាណ។

​ការណែនាំនេះស្របតាមអភិក្រម ៥R របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមមាន៖ Retain (ថែរក្សាទុក), Retrain and Retain (បណ្តុះបណ្តាលបន្ថែម ដើម្បីពង្រឹងសមត្ថភាព និងថែរក្សាទុក), Reassign (ពង្រាយ), Retrench (កាត់បន្ថយមន្ត្រីដែលអសកម្ម) និង Recruit (ជ្រើសរើសមន្ត្រីថ្មី)។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ណែនាំបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការវាយតម្លៃក្របខណ្ឌនៃការគ្រប់គ្រង ការអភិវឌ្ឍធនធានមនុស្សឆ្នាំ២០២៤-២០២៨របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការអនុវត្តពាក់កណ្តាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា»។

បន្ថែមពីនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងចំណេះដឹង ដើម្បីធានានូវផលិតកម្មនៃមូលធនមនុស្ស ដែលមានគុណវុឌ្ឍ​ ចំណេះដឹង​ ជំនាញ​ បំណិនការងារ និងគំនិតនវានុវត្តន៍។

​លើសពីនេះថ្នាក់ដឹកនាំ និង បុគ្គលិក-មន្ត្រីរាជការគ្រប់កម្រិត គប្បីគិតគូរឲ្យបានច្បាស់លាស់ អំពីតម្រូវការ ជំនាញ ដែលឆ្លើយតបទៅនឹងការងារជាក់ស្តែង​ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត​ ទន្ទឹមនឹងការប្រកាន់ខ្ជាប់ នូវវប្បធម៌រៀនសូត្រជាប់ជាប្រចាំ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលវែង ឬខ្លី, វគ្គវិក្រឹតការ ឬវគ្គតម្រង់ទិសនានា នៅតាមថ្នាលបណ្តុះបណ្តាលនានា របស់ក្រសួងផ្ទាល់ និង តាមយន្តការបណ្តុះបណ្តាលផ្សេងទៀត​ ទាំងនៅក្នុង និងក្រៅប្រទេស ។

​បន្ថែមនេះ​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យ អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ក្នុងនាមជាអ្នកសម្រប​សម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈប្រចាំក្រសួង​ត្រូវបន្តជំរុញ និងពន្លឿនការងាររៀបចំស្តង់ដានីតិវិធីប្រតិបត្តិ ក្នុងការអនុវត្តការងាររបស់អង្គភាពនីមួយៗ ដោយកំណត់ឲ្យបានច្បាស់លាស់នូវអភិក្រម, នីតិវិធី, និងរំហូរ​ការងារ ដើម្បីពង្រឹងបន្ទាត់គណនេយ្យភាព និង ជួយមន្ត្រីម្នាក់ៗ ឲ្យកាន់តែយល់ច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក៏ដូចជាត្រូវខិតខំជំរុញការបង្កើនសមត្ថភាពជំនាញរបស់មន្ត្រី ឲ្យឆ្លើយតបទៅនឹង មុខតំណែង និង ការអភិវឌ្ឍអាជីពរបស់ខ្លួនផងដែរ៕