FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិដើមភាគតិចនៅរតនគិរី បន្តរែងរ៉ែមាសតាមរបៀបបុរាណ ដើម្បីផ្គត់ផ្គង់ជីវភាព

05-10-2026 14:56

(រតនគិរី)៖ ជនជាតិដើមភាគតិចទំពួន កាចក់ និងចារ៉ាយ នៅភូមិដលខ្មែរ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានបន្តប្រើប្រាស់ឧបករណ៍បុរាណក្នុងការស្វែងរក និងរែងមាសតាមជើងភ្នំង៉ោក ដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ថ្វីត្បិតតែរ៉ែមាសដែលរកបានមានតម្លៃ ប៉ុន្តែការរែងមាសនេះមានការលំបាក ដោយសារតែអ្នកភូមិប្រើឧបករណ៍បុរាណជាលក្ខណៈគ្រួសារ។

លោក រម៉ាស យឿន ជនជាតិភាគតិចទំពួន បានឲ្យដឹងថា លោកបានចេះចាំពីរបៀបរែងមាសតាំងពីដូនតាមក ហើយក៏ប្រកបរបរនេះរហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅរដូវវស្សា។ លោកបន្តថា ការងារនេះបែបផ្សងព្រេង ជួនកាលបាន ជួនកាលមិនបាន ដោយក្រុមគ្រួសារត្រូវជីកអាចម៍ដីតាមចង្កេះភ្នំ ដឹកជញ្ជូន និងរែងរកកម្ទេចមាសតាមដងអូរ។ បើថ្ងៃណាហេង រកបានកម្ទេចមាសច្រើននោះ លក់ចេញបានតម្លៃខ្ពស់ ដូច្នេះហើយបានជាពួកគាត់ព្យាយាមរករ៉ែកម្រនេះ។

ចំណែកឯលោក រម៉ាស ប៊ិច ជនជាតិដើមភាគតិចចារ៉ាយ បានប្រាប់ថា ការងារនេះហត់ណាស់ ដោយលោកនិងក្រុមគ្រួសារបានមករែងមាសអស់រយៈពេល ២០ថ្ងៃ ទើបបានមាសប្រមាណ ៥ហ៊ុន ទៅ ១ជី សម្រាប់ដោះស្រាយចំណាយម្ហូបអាហារ និងប្រេងប៉ុណ្ណោះ។

បច្ចុប្បន្ន មានបងប្អូនជនជាតិជាច្រើនរយនាក់បានមកសំងំជីករ៉ែងមាសនៅតាមជើងភ្នំង៉ោកនេះ ដែលជាការងារធ្លាប់ធ្វើតាំងពីដូនតាមក ដើម្បីបានប្រាក់ខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្អូនស្រីរម៉ាម វ៉ាត់ ជនជាតិកាចក់ បានបញ្ជាក់ថា ការរែងរករ៉ែមាសនៅជើងភ្នំង៉ោកនេះ មានអ្នកភូមិ និងបងប្អូនមកពីស្រុកផ្សេងៗក្នុងខេត្តរតនគិរី ចូលរួមប្រមាណ ២០០ ទៅ ៣០០នាក់ក្នុងមួយថ្ងៃៗ។ ខេត្តរតនគិរីល្បីល្បាញដោយសារធនធានធម្មជាតិសម្បូរបែប រួមទាំងត្បូងមានតម្លៃ និងរ៉ែមាសនៅតំបន់កន្ទុយនាគ។ ទីតាំងភ្នំង៉ោកនេះ ក៏ស្ថិតក្នុងអាជ្ញាបណ្ណស្រាវជ្រាវរុករករ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី (អង្គរហ្គោល) ផងដែរ។
លើសពីនេះ មានថៅកែទិញ-លក់មាសនៅផ្សារបានលុង និងមកពីបណ្តាខេត្តផ្សេងៗ បានផ្តល់ប្រាក់ជាមុនដល់បងប្អូនជនជាតិជាថ្នូរនឹងការលក់មាសដែលរកបានមកវិញ៕