នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងការពារព្រំដែនលេខ៥០៤ ខេត្តប៉ៃលិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
05-10-2026 14:24
(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងចែកអំណោយជូននាយទាហាន ពលទាហាន នៅអង្គភាពកងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពិធីនេះធ្វើឡើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងការពារព្រំដែន។ លោកបានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ គោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើ ដើម្បីការពារបូរណភាពទឹកដីឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការឈ្លានពានពីសត្រូវ។
ជាមួយគ្នានេះ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់កងទ័ពសមរភូមិមុខ។
លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ ៥០៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលតែងតែចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងអង្គភាពជាបន្តបន្ទាប់។
ក្នុងឱកាសនេះ គណៈប្រតិភូបានឧបត្ថម្ភសម្ភារៈសាងសង់លេណដ្ឋាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងគ្រឿងឧបភោគ បរិភោគផ្សេងៗជាច្រើនទៀត ព្រមទាំងថវិកាដល់នាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពទាំងមូល៕








