FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដីក្រសួងអប់រំ ហង់ជួន ណារ៉ុន៖ គ្រូបង្រៀន ជាបេះដូងនៃការរៀនសូត្រ យើងត្រូវវិនិយោគលើ​គ្រូបង្រៀនជាបន្តបន្ទាប់

05-10-2026 11:54

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា គ្រូបង្រៀន គឺជាបេះដូងនៃការរៀនសូត្រ ដូចនេះយើងត្រូវវិនិយោគលើគ្រូបង្រៀនជាបន្តបន្ទាប់ មិនត្រឹមតែតាមរយៈការបណ្តុះបណ្តាលគ្រូដំបូងប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឡើងពេញមួយអាជីពការងាររបស់ពួកគេ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។

នៅក្នុងទិវាគ្រូបង្រៀននេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ក្រសួងបានកំណត់ប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃ គរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ក្នុងគោលបំណងឆ្លុះបញ្ចាំង អំពីតួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥតឈប់ឈរ ដោយសារយើងទាំងអស់ គ្នាកំពុងរស់នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានបច្ចេកវិទ្យាឌីជីថល អ៉ីនធឺណិត, Internet of Things, បញ្ញាសិប្បនិម្មិត (AI) និង Big Data ព្រមទាំងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន សន្តិសុខស្បៀង និងបញ្ហា សង្គម ជាច្រើនទៀត។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ដែរថា ក្នុងបរិបទនេះចំណេះដឹងមិនមានភាពថេរដូចកាលពីមុនទៀតទេ, ការងារមួយចំនួនកំពុងត្រូវបានបច្ចេកវិទ្យា និងម៉ាស៊ីនជំនួស ខណៈការងារថ្មីៗក៏កំពុងកើតឡើង ដូច្នេះសាលារៀនមិនអាចផ្តោតត្រឹមតែដំណើរការផ្ទេរចំណេះដឹងពីគ្រូទៅសិស្ស ឬការរៀនសូត្រ ដើម្បីតែប្រឡងនោះទេ យើងត្រូវរៀបចំសិស្សឱ្យមានសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា ចេះសហការជាមួយអ្នកដទៃ ធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវ និងអាចរៀនដោយខ្លួនឯង។ បំណិនទាំងអស់នេះគឺជាសមត្ថភាពសំខាន់ៗ សម្រាប់ការរស់នៅ ការងារ និងការចូលរួមក្នុងសង្គមសតវត្សទី២១។

ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា នៅក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដែលជំរុញឱ្យមានលទ្ធផលសិក្សាកាន់តែប្រសើរ ការផ្លាស់ប្តូរតួនាទីរបស់គ្រូបង្រៀន គឺជាកិច្ចការចាំបាច់មួយដោយសារគ្រូបង្រៀនគឺជា បេះដូងនៃការរៀនសូត្រ, យើងត្រូវវិនិយោគលើគ្រូបង្រៀនជាបន្តបន្ទាប់ មិនត្រឹមតែតាមរយៈការបណ្តុះបណ្តាលគ្រូដំបូងប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឡើងពេញមួយអាជីពការងាររបស់ពួកគេផងដែរ។ មានការសហការគ្នា ការរៀនសូត្រដើម្បីអភិវឌ្ឍវិជ្ជាជីវៈ គួរតែមានលក្ខណៈអនុវត្តជាក់ស្តែង មានភាពបន្តជាប់លាប់ និងផ្សារភ្ជាប់ទៅនឹង តម្រូវការជាក់ស្តែងនៅក្នុងថ្នាក់រៀន។

រដ្ឋមន្រ្ដីក្រសួងអប់រំ បានគូសបញ្ជាក់ដែរថា គ្រូបង្រៀននៅសតវត្សទី២១ មិនគួរត្រឹមតែជាអ្នកផ្តល់ចំណេះដឹងនោះទេ ត្រូវក្លាយជាអ្នកច្នៃប្រឌិត អ្នកណែនាំ អ្នកជំរុញទឹកចិត្ត អ្នកបំភ្លឺ និងជាអ្នកជំរុញការផ្លាស់ប្តូរ។ គ្រូបង្រៀនត្រូវបង្កើតបរិយាកាសដែលសិស្សអាចសួរសំណួរ ស្វែងរកចម្លើយ ពិភាក្សា សហការ ស្រាវជ្រាវ សាកល្បង និងរៀនពីបទពិសោធន៍របស់ខ្លួនផងដែរ៕