សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី (Video inside)
05-10-2026 10:54
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងជាថ្មីថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងបរិបទដែលស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកកាន់តែមានភាពស្មុគស្មាញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកមានភាពស្មុគស្មាញ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីដែលកំពុងកើនឡើង កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនា តាមរយៈស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំសម្រាប់កសាងសន្តិភាព»។
សម្តេចបវរធិបតីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតសហពន្ធ័អតីតយុទ្ធជនអាស៊ានលើកទី២៥ (VECONAC) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។
ទន្ទឹមគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់យល់អំពីតម្លៃសន្តិភាពជាងអតីតយុទ្ធជននោះទេ ហើយពួកគេគឺជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព។ ដូច្នេះ VECONAC មានបេសកកម្មដ៏ពិសិដ្ឋ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើការជាអ្នកការពារសន្តិភាពដ៏មានឥទ្ធិពលផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សន្តិភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជំរុញឱ្យកម្ពុជាអាចកសាង និងពង្រឹងស្ថាប័នជាតិផ្សេងៗ រួមទាំងស្ថាប័នការពារសង្គម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពធន់របស់សង្គម និងធានាការចែកចាយផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។ កត្តាទាំងនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបែងចែកធនធានថវិកា និងរចនាសម្ព័ន្ធជាប្រព័ន្ធ ដើម្បីយកចិត្តទុកដាក់ និងគាំទ្រសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីបានឆ្លុះបញ្ចាំងពីជំហរដ៏មុតមាំរបស់កម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអនុវត្តគោលការណ៍ការទូតប្រកបដោយភាពបត់បែន និងការទទួលខុសត្រូវ។ ជាមួយគ្នានេះ កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដែលជាអ្នកធ្លាប់លះបង់ដើម្បីសន្តិភាព ឲ្យក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយសារសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ៕















































































