ពលរដ្ឋ ជំរុញឱ្យបងប្អូនកម្មករបន្តប្រឹងប្រែងធ្វើការងារ ដើម្បីរក្សាការងារ និងទាក់ទាញការវិនិយោគបន្ថែម ខណៈដែលពិភពលោកកំពុងជួបវិបត្តិ

05-10-2026 09:34

(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាជាច្រើន ការរក្សាការងារដែលមានស្រាប់ និងការបង្កើតឱកាសការងារថ្មី គឺជាកត្តាសំខាន់សម្រាប់ជីវភាពកម្មករនិយោជិត និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ពួកគាត់បានជំរុញឱ្យបងប្អូនកម្មករបន្តខិតខំប្រឹងប្រែង បង្កើនផលិតភាព និងរក្សាវិន័យការងារ ដើម្បីចូលរួមរក្សារោងចក្រ សហគ្រាស និងទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

​លោក ហម សិម ពលរដ្ឋនៅរាជធានីភ្នំពេញបានយល់ឃើញថា ការវិនិយោគ និងការងារមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ព្រោះនៅពេលមានការវិនិយោគបន្ថែម ក៏នឹងបង្កើតឱកាសការងារថ្មី និងជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ ការរក្សាបាននូវស្ថិរភាពក្នុងវិស័យការងារ និងបរិយាកាសផលិតកម្ម គឺជាកត្តាដែលគ្រប់ភាគីត្រូវចូលរួម។

លោកបាននិយាយថា៖ «បងប្អូនកម្មករធ្វើការងារនៅក្នុងរោងចក្រទាំងអស់ បើមានការងារធ្វើនៅនឹងដៃហើយ សូមព្យាយាមធ្វើឱ្យបានល្អ ព្យាយាមស្តាប់មេ ព្យាយាមស្តាប់ប្រធានក្នុងរោងចក្រ គាត់ណែនាំរបៀបម៉េចធ្វើតាមដំបូន្មានគាត់ទៅគឺល្អ ការងារដែលយើងមានធ្វើហើយយើងកុំឱ្យបាត់បង់ កាលណាដែលយើងបាត់បង់ការងារទៅគឺយើងពិបាក»។

ពលរដ្ឋម្នាក់ទៀតគឺ លោក យ៉ុង សំនៀង បានលើកឡើងថា ក្នុងបរិបទដែលប្រទេសជាច្រើនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ការប្រកួតប្រជែងដើម្បីទាក់ទាញការវិនិយោគកាន់តែមានភាពសំខាន់។ កម្ពុជាចាំបាច់ត្រូវបន្តពង្រឹងផលិតភាព គុណភាពផលិតផល និងសេវាកម្ម ខណៈកម្មករនិយោជិតក៏ត្រូវបន្តពង្រឹងជំនាញ និងការទទួលខុសត្រូវក្នុងការងារ។

លោកបាននិយាយថា៖ «សូមបងប្អូនយើងខិតខំធ្វើការងារឱ្យបានល្អ ព្រោះឥឡូវស្រុកយើង រោងចក្រ​នៅក្បែរផ្ទះទេ សម្បូររោងចក្រ ចឹងសូមខំធ្វើការដើម្បីបានកម្រៃដោះស្រាយជីវភាព»។

ចំណែកលោក បាន សាបាត់ បានចាត់ទុកថា ការខិតខំប្រឹងប្រែងរបស់កម្មករមិនត្រឹមតែជួយដល់រោងចក្រ និងសហគ្រាសដែលខ្លួនកំពុងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើន ទំនុកចិត្តរបស់វិនិយោគិន និងបង្ហាញពីសក្តានុពលកម្លាំងពលកម្មរបស់កម្ពុជាផងដែរ។

លោកបានប្រាប់ថា៖ «សូមឱ្យបងប្អូនយើងខិតខំធ្វើការងារឱ្យបានច្រើន។ ទី២ សូមខំប្រឹងដើម្បីថែរក្សាការងារយើងតទៅមុខទៀត ដើម្បីឱ្យថៅកែបន្តបើករោងចក្រនៅស្រុកខ្មែរយើង ដែលបង្កភាពងាយស្រួលដល់យើងមិនលំបាកចំណាកស្រុកទៅធ្វើការនៅស្រុកគេ បាននៅជួបជុំប្រពន្ធកូន»។

ជាមួយគ្នានេះ ពលរដ្ឋបានអំពាវនាវឱ្យគ្រប់ភាគីបន្តសហការគ្នា ដោយភាគីកម្មករខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព និយោជកបន្តយកចិត្តទុកដាក់លើលក្ខខណ្ឌការងារ និងសិទ្ធិអត្ថប្រយោជន៍ស្របច្បាប់ ខណៈភាគីពាក់ព័ន្ធបន្តគាំទ្រការបណ្តុះបណ្តាលជំនាញ និងបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ៕