FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល៖ ភាពធន់នៃប្រព័ន្ធសុខាភិបាល គឺជាសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលៈទេសៈ

05-10-2026 08:10

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាភាពធន់នៃប្រព័ន្ធសុខាភិបាល គឺជាសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលៈទេសៈ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពឬស្សីក្រោកទី១ ដែលកំពុងប្រឈមការលិចលង់ ដោយសារទឹកជំនន់ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបន្តនូវស្មារតី និងការតាំងចិត្តខ្ពស់ប្រឹងប្រែងរក្សាដំណើរការ នៃការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជាកំពុងប្រឈមនឹងការលំបាកដោយសារទឹកជំនន់ក៏ដោយ។

បន្ថែមពីនេះលោកសាស្ត្រាចារ្យ បានជំរុញការបំពេញភារកិច្ច ដោយមិនរាថយក្នុងការធានាថាប្រជាពលរដ្ឋក្នុងសហគមន៍ នៅតែអាចទទួលបានសេវាសេវាថែទាំសុខភាពគ្រប់ពេលវេលា។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យត្រូវត្រៀមលក្ខណៈជាមុនក្នុងការទុកដាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ វ៉ាក់សាំង ថ្នាំពេទ្យ និងឯកសារសំខាន់ៗ តាមទីតាំងសុវត្ថិភាព ជៀសវាងការខូចខាតជាយថាហេតុ ដោយស្ថានភាពទឹកអាចនឹងមានការប្រែប្រួល មិនអាចស្មានបាន៕