រដ្ឋមន្ត្រីសុខាភិបាល បន្តចុះពិនិត្យស្ថានភាពទឹកជន់លិចនៅការិយាល័យសុខាភិបាលស្រុកមង្គលបូរី ដែលជាឃ្លាំងរក្សាឱសថ

04-10-2026 21:28

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងក្រុមបច្ចេកទេសជំនាញ រួមជាមួយអជ្ញាធរ បានបន្តចុះពិនិត្យស្ថានភាពទឹកជន់លិចនៅការិយាល័យសុខាភិបាលស្រុកមង្គលបូរី ដែលជាឃ្លាំងរក្សាឱសថ នៅខេត្តបន្ទាយមានជ័យ។

បើទោះជាស្ថានភាពទឹកជន់លិចចូលឃ្លាំងរក្សាឱសថនៃការិយាល័យសុខាភិបាលស្រុក ដោយជង្ហុកមិនបានព្រៀងទុក ទាំងឱសថ ទាំងសម្ភារបរិក្ខាមួយចំនួនធំ ត្រូវបានលើកខ្ពស់ រក្សាទាន់ពេលវេលាក្នុងពេលវេលាមួយដ៏ខ្លី និងបន្តដឹកជញ្ជូនចេញ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ តាមប្រសាសន៍ណែនាំបន្ថែមពីលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី។

លោកសាស្ត្រាចារ្យ បានជំរុញ និងក្រើនរំលឹកនូវអនុសាសន៍ដែលបានដាក់ជូនគ្រប់កម្រិតដឹកនាំតាមរយៈ កិច្ចប្រជុំជាបន្តបន្ទាប់ ទាំងពីមុនជំនន់ ទាំងកំពុងជំនន់ និងកិច្ចការក្រោយជំនន់ ដោយត្រូវបន្តតាមដានពិនិត្យស្ថានភាពទឹកជាប់ជាប្រចាំ ដែលក៏អាចនឹងមានការកើនឡើង និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។

បន្ថែមពីនេះត្រូវធានាឱ្យបានសុវត្ថិភាពផ្ទាល់ខ្លួន និងសហភាតរៈ រួមទាំងការថែរក្សាឱសថ សម្ភារៈបរិក្ខាទាំងវេជ្ជសាស្ត្រ និងមិនវេជ្ជសាស្ត្រ សំដៅបន្តផ្គត់ផ្គង់បានគ្រប់គ្រាន់ ទាន់ពេលវេលា ដល់គ្រប់មូលដ្ឋានសុខាភិបាលក្នុងសហគមន៍ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ នេះជាបញ្ជក់បន្ថែមរបស់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី៕