FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅទីទួលសុវត្ថិភាពចំការតាដោក ខេត្តបន្ទាយមានជ័យ

04-10-2026 21:13

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនៅទីទួលសុវត្ថិភាពចំការតាដោក និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅទីទួលសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់។

ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទឹកចិត្ត អារម្មណ៍ ពិសេសលទ្ធផលនៃការបម្រើសេវាសុខភាព ពីសុខាភិបាលនៅសហគមន៍ផងដែរ ដែលជាការឆ្លើយតប បានពាំនាំនូវការពេញចិត្ត កក់ក្តៅ ពីការបម្រើសេវាសុខភាព របស់មន្ត្រី-បុគ្គលិកសុខាភិបាលសហគមន៍។ ជាព័ត៌មានត្រឡប់ បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ជូនលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ពីការយកចិត្តទុកដាក់ ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពញញឹម និងការបម្រើដ៏ស្មោះស្ម័គ្រកក់ក្តៅពីក្រុមគ្រូពេទ្យដែលនៅជាប់ជាមួយលោក។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត ចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាត្វកិច្ចរបស់ខ្លួន លើការបម្រើសេវា និងផ្តល់ភាពកក់ក្តៅ ដោយធានាថាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ លោកមិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ការបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ៕