FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃគុយ ចែកអំណោយដល់ពលរដ្ឋខ្វះខាត២០០គ្រួសារ

04-10-2026 20:33

(កំពង់ធំ)៖ លោកស្រី លឹម ស្រីណិត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនាំយកអំណោយជាអង្ករ និងសម្ភារៈប្រើប្រាស់មួយចំនួន របស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ រួមជាមួយសមាគមប្រឹក្សាសុខភាពប្រជាជន និងសប្បុរសជននៃក្រុមការងារគណបក្សឃុំព្រៃគុយ ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅឃុំព្រៃគុយ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី លឹម ស្រីណិត បានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃគុយ លោកស្រី និងក្រុមការងារទាំងអស់បានសហការគ្នារៀបចំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីផ្តល់ជូនបងប្អូនឲ្យបានទាន់ពេលវេលា។ លោកស្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីជាមមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ ក៏សម្តេចមិនដែលភ្លេចពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឡើយ ហើយតែងតែជំរុញឲ្យក្រុមការងារទាំងអស់ត្រូវតែសិក្សាស្វែងយល់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

លោកស្រីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្នុងអំឡុងពេលនេះបានគិតគូរយ៉ាងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ។ ជាក់ស្តែងដូចជាថ្ងៃនេះ ក្រុមការងារបានរៀបចំចុះមកដល់មូលដ្ឋានដោយមិនឲ្យបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះឡើយ។ នេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ជាពិសេសចំពោះបងប្អូនដែលមានជីវភាពខ្វះខាត ដោយឈរលើគោលនយោបាយច្បាស់លាស់ និងប្រកបដោយមនុស្សធម៌។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ២០០គ្រួសារ ដែលបានទទួលអំណោយ គឺមួយគ្រួសារៗទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សារុង និងថវិកាមួយចំនួនផងដែរ។ សកម្មភាពនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕