ឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
04-10-2026 20:31
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការងារសំខាន់ៗពាក់ព័ន្ធនឹងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់កងកម្លាំងនគរបាលចំនួន ២១០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានដាក់ចេញនូវផែនការការងារសំខាន់ៗ ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្សព្វផ្សាយដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកស្នងការបានបញ្ជាក់ថា ផែនការសំខាន់ៗដែលត្រូវផ្សព្វផ្សាយក្នុងកិច្ចប្រជុំនេះ រួមមាន ១.ការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦, ២.ការងារប្រឆាំងព័ត៌មានក្លែងក្លាយ,៣.ការងារការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា ព្រមទាំងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
លោកស្នងការបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយប្រើប្រាស់ផែនការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធានាឱ្យបណ្តាព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ ប្រព្រឹត្តទៅដោយមានភាពរលូន និងសុខសុវត្ថិភាព ។
ទន្ទឹមនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ លោកស្នងការបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំផែនការងារជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន ដោយត្រូវរួមគ្នាគិត រួមគ្នាអនុវត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសដែលអាចកើតមានក្នុងមូលដ្ឋាន។
លោកបានណែនាំឱ្យយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់សាធារណៈ ដោយត្រៀមកម្លាំងជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ដែលមានការធ្វើដំណើរយ៉ាងមមាញឹក និងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមវត្តអារាម រមណីយដ្ឋាន មណ្ឌលកម្សាន្ត និងទីប្រជុំជននានា ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ ចំពោះការផ្តល់សេវាសាធារណៈ លោកស្នងការបានណែនាំឱ្យបង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមមាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានរហ័ស និងទាន់ពេលវេលា ដើម្បីបង្កភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ទោ ហេង សុផល បានណែនាំឱ្យពង្រឹងការងារប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ ដោយរៀបចំផ្លាស់ប្តូរវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅតាមអង្គភាពក្រុង-ស្រុកនីមួយៗ ព្រមទាំងត្រៀមកម្លាំង និងសម្ភារ: មធ្យោបាយ ដើម្បីត្រៀមអន្តរាគមន៍ និងប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានទាន់ពេលវេលា៕



















