កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្មេងទំនើង ១៥នាក់ ដែលតែងតែដុតផាវបង្កភាពរំខានដល់ប្រជាពលរដ្ឋ
04-10-2026 18:14
(ភ្នំពេញ)៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ បានឃាត់ខ្លួនក្មេងទំនើងចំនួន ១៥នាក់ ដែលបានដុតផាវបង្កការរំខានដល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងត្រួតពិនិត្យដើម្បីបង្ការទប់ស្កាត់ករណីក្រុមក្មេងទំនើងលេងដុតផាវ (ផាវគ្រាប់បែក) នៅក្នុងមូលដ្ឋានស្ថិតនៅផ្លូវបេតុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ក្នុងអំឡុងពេលនោះ សមត្ថកិច្ចបានចុះអប់រំទីតាំងលក់ដូរអីវ៉ាន់ចាប់ហួយចំនួន ១០កន្លែង និងបានត្រួតពិនិត្យយុវជនសរុប ១៥នាក់។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងដកហូតផាវគ្រាប់បែកតូចធំចំនួន ១០៥គ្រាប់ រួមទាំងដែកកេះចំនួន ០៥ផងដែរ។
ក្រោយពីដកហូតវត្ថុតាង សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលរបស់យុវជនទាំងនោះមកទទួល និងបានធ្វើកិច្ចសន្យាអប់រំ ដើម្បីឲ្យអាណាព្យាបាលបន្តអប់រំកូនចៅរបស់ខ្លួនឲ្យបញ្ឈប់សកម្មភាពដុតផាវ។
បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តយកចិត្តទុកដាក់ចុះបង្ការទប់ស្កាត់សកម្មភាពក្មេងទំនើងលេងដុតផាវ ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យសហការផ្តល់ព័ត៌មាន ដើម្បីឲ្យមានវិធានការណ៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕








