FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពត ដឹកនាំភ្ញៀវទេសចរជាង២ពាន់នាក់មកពី២០ប្រទេស ចូលរួមព្រឹត្តិការណ៍ «រត់ដើម្បីទេសចរណ៍បៃតង» លើភ្នំបូកគោ

04-10-2026 15:59

(កំពត)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី ២៦ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក្នុងខេត្តកំពត ដោយមានការចូលរួមពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ និងកោះកុង។

គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញនូវភាពរីករាយចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលខេត្តកំពត ជាពិសេសបណ្តាខេត្តជាប់តំបន់ឆ្នេរទាំង៤ ទៅកាន់ឆាកអន្តរជាតិ ហើយការបង្កើតព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោនេះឡើង គឺជាការបង្ហាញពីអាកាសធាតុបរិសុទ្ធ លើខ្នងភ្នំបូកគោជូនភ្ញៀវទេសចរជាតិ អន្តរជាតិ នូវបទពិសោធន៍ថ្មី ស្រស់ស្រាយផ្លូវចិត្ត និងទទួលបានសុខភាពល្អមាំមួន ដែលទទួលបានពីអាកាសធាតុបរិសុទ្ធលើខ្នងភ្នំបូកគោ។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានជ្រើសរើសយកទឹកដីខេត្តកំពត ជាទីតាំងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦។ លោកអភិបាលខេត្ត នឹងសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ភាពទាក់ទាញនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសខេត្តកំពត នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ នៅលើផែនទីទេសចរណ៍ពិភពលោក។

ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ខេត្តកំពត និងបានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះឡើង គឺដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខេត្តជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា ដែលមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ឱ្យពិភពលោកបានស្គាល់ និងចង់មកសម្រាកកម្សាន្ត។

លោករដ្ឋមន្ត្រី បន្តថា ព្រឹត្តិការណ៍នេះ គឺបានផ្សារភ្ជាប់ទៅនឹង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ដែលមានសកម្មភាពទាក់ទាញជាច្រើន ដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ហើយកម្ពុជា ក្រោមម្លប់សន្តិភាពដែលយកមកដោយការលះបង់គ្រប់បែបយ៉ាងរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជា មាន សុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្ន ក្រោមការដឹកនាំបន្ត ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក៏នៅតែបន្តរក្សាសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តអភិវឌ្ឍន៍ប្រទេស ពិសេសវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពរីកចម្រើន ដែលជាកត្តាធ្វើឱ្យកំណើនភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តក្នុងប្រទេសទទួលបានភាពកក់ក្តៅ និងជួយផ្សព្វផ្សាយបន្តពីកម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិត របស់លោកអភិបាលខេត្ត ម៉ៅ ធនិន ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ និងផលិតផលទេសចរណ៍ ថ្មីៗ ប្លែកៗ មានភាពទាក់ទាញ ដែលជាកត្តាជំរុញឱ្យភ្ញៀវទេសចរសម្រុកមកកម្សាន្តក្នុងខេត្តកំពត កាន់តែច្រើនឡើងៗ។

លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ ចូលរួមផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើន តាមទិសស្លោក ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់ ដើម្បីឱ្យពិភាពលោកស្គាល់កម្ពុជាកាន់តែច្បាស់៕