FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអារ្យធម៌ខ្មែរ៖​ ខ្មែរមួយចំនួនពុំគួរយកជំនឿសាសនា មកបកស្រាយបដិសេធដល់កិច្ចពិធីបោះបាយបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិមានឫសគល់រាប់ពាន់ឆ្នាំនោះទ្បើយ

04-10-2026 15:51

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងកត់សម្គាល់ថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលមានកិច្ចពិធីបោះបាយបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏បរមបុរាណមួយ ហើយត្រូវបានខេមរជនគោរពប្រតិបត្តិតាំងពីរាប់ពាន់ឆ្នាំមកនេះ។ បច្ចុប្បន្នយើងសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរមួយចំនួនទាំងព្រះសង្ឃ និងពុទ្ធសាសនិក បានសម្តែងការបដិសេធដល់កិច្ចពិធីបោះបាយបិណ្ឌ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដោយបានបង្ហោះតាមបណ្ដាញសង្គម ដោយផ្អែកលើជំនឿព្រះពុទ្ធសាសនាថេរវាទ ឬព្រះត្រៃបិដកដោយរិះគន់យ៉ាងនេះយ៉ាងនោះយ៉ាងព្រោងព្រាត គឺជាកំហុសខុសឆ្គងមួយដ៏គួរសោកស្តាយបំផុត ដោយហេតុថា គេពុំគួរយកជំនឿសាសនា មកបកស្រាយលាយឡំដើម្បីបដិសេធដល់កិច្ចពិធីបោះបាយបិណ្ឌ ដែលមានឫសគល់ជាបុណ្យប្រពៃណីជាតិតាំងពីរាប់ពាន់ឆ្នាំមកនោះទេ។

ហេតុនេះ យើងត្រូវបែងចែកឲ្យបានច្បាស់លាស់រវាងបុណ្យប្រពៃណីជាតិ និងបុណ្យសាសនា។ បុណ្យប្រពៃណីជាតិ គឺជាពិធីបុណ្យបង្កើតឡើងដោយមនុស្សនៅក្នុងសហគមន៍ ឬតំបន់ក្នុងសង្គម ដែលមនុស្សគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននិងផ្ទេរតៗ គ្នាពីជំនាន់មួយទៅជំនាន់មួយ ដូចជាពីធីបុណ្យចូលឆ្នាំថ្មី, បុណ្យភ្ជុំបិណ្ឌនិងកិច្ចពិធីបោះបាយបិណ្ឌ, បុណ្យអុំទូកជាដើម។ រីឯបុណ្យសាសនា ជាជំនឿគោរពបូជាដល់ទ្រឹស្តីកើតចេញពីព្រះបន្ទូល ការត្រាស់ដឹងរបស់ព្រះសម្ពុទ្ធ ឬ ព្រះអរហន្តតាមរយៈព្រះត្រៃបិដក ព្រះគម្ពីរ ដើម្បីដឹកនាំមនុស្សឲ្យស្គាល់បុណ្យបាប ឬការរំដោះទុក្ខ។

ស្ថិតក្នុងន័យនេះ យើងពុំគួរយកទ្រឹស្ដីសាសនា មកបកស្រាយលាយឡំគ្របទៅលើពិធីបុណ្យប្រពៃណីជាតិ ដែលបង្កឲ្យមានការភាន់ច្រឡំ ធ្វើឲ្យតម្លៃដើមនៃប្រពៃណីដ៏ល្អផូរផង់របស់យើងត្រូវខូចខាត និងបាត់បង់ភាពថ្លៃថ្នូរនោះទ្បើយ។ ការប្រណិប័តន៍ពិធីបោះបាយបិណ្ឌ គឺជាកាតព្វកិច្ចសីលធម៌ កើតចេញពីការដឹងគុណនៃការផ្ទេរមរតកវប្បធម៌ពីដូនតា ដោយតភ្ជាប់អតីត បច្ចុប្បន្ន និងអនាគត ដើម្បីឲ្យមនុស្សជំនាន់ក្រោយស្គាល់ពីឫសគល់ប្រពៃណីរបស់ជាតិខ្លួននៃភាពសម្បូរបែប ដែលបានកកើតនៅក្នុងទឹកដីចក្រភពដ៏ល្អផូរផង់ បរមបុរាណនិងដ៏រុងរឿង។

លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងន័យនេះ ចំពោះការថែរក្សាប្រពៃណីជាតិដោយសេចក្តីថ្លៃថ្នូរ ​និងតម្លៃពិតនៃវប្បធម៌ដ៏ល្អផូរផង់ គឺជាការរក្សាអត្តសញ្ញាណជាតិ ព្រោះពិធីបុណ្យប្រពៃណីខ្មែរ បានបង្កប់នូវទស្សនវិជ្ជាអប់រំ និងការគោរពដឹងគុណដល់បុព្វការី ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ និងកិច្ចពិធីបោះបាយបិណ្ឌ ដែលបុព្វបុរសបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ជាក់ស្តែងបើយោងតាមសិលាចារឹក K.279 ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ គ.ស.៨៨៩ -៩១០ ជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីក្នុងចម្បាំងរាំងជល់ និងខ្មោចគ្មានបងប្អូនទីពឹងទាំងឡាយ ដើម្បីរក្សាសាមគ្គីភាព អត្តសញ្ញាណជាតិ និងការរស់នៅដោយសុខសាន្ត។

ស្ថិតក្នុងបរិការណ៍នេះដែរ បើនិយាយអំពីគំនិតរបស់ពួកអឺរ៉ុបវិញ ប្រទេសអ៊ីតាលី ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ការថៃរក្សាពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជាពិធីប្រចាំរដូវកាល ​បុណ្យប៉ាស្ត័រ -Pasqua ត្រូវគ្នានឹងខែ មេសា ជារៀងរាល់ឆ្នាំ មានការជួបជុំគ្រួសារ ពិធីដង្ហែក្បួនបង្ហាញពីប្រពៃណីតំបន់ គេចាត់ទុកជាមរតកសង្គមដ៏មានតម្លៃ មិនមែនដោយសារតែជឿលើរឿងអព្ភូតហេតុបុរាណនោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់​ប្រមូលផ្តុំជួបជុំគ្រួសារ សាច់ញាតិ មិត្តភក្តិ និងសហគមន៍ ​បង្កើតអារម្មណ៍ថា ខ្លួនជាផ្នែកមួយនៃសហគមន៍ ជម្រកផ្លូវចិត្ត ​សម្រាប់ទ្រទ្រង់ជីវិតរស់នៅ និងជាអត្តសញ្ញាណជាតិ មានលក្ខណៈប្លែកៗ ពីគេនៅលើពិភពលោក និងបានប្រែក្លាយទៅជាព្រឹត្តិការណ៍សិល្បៈ វប្បធម៌ និងទេសចរណ៍ដើម្បីផ្សព្វផ្សាយទៅសកលលោក៕