ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scams មួយកន្លែង រកឃើញជនសង្ស័យ ៤៤នាក់
04-10-2026 15:01
(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងអគារមួយកន្លែង ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានរកឃើញជនសង្ស័យ ៤៤នាក់។
ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងផែនការងារសន្តិសុខ ចុះត្រួតពិនិត្យ និងឆែកឆេរនៅអគារទូក ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ អគារនេះមានកម្ពស់ ១៦ជាន់ និងមានបន្ទប់សរុប ៣២០បន្ទប់។
ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញមនុស្សសរុប ៤៤នាក់ ក្នុងនោះមានស្រី ៦នាក់ ដែលមាន ៣សញ្ជាតិ រួមមាន៖ ជនជាតិចិន ៣៨នាក់ (ស្រី ៣នាក់), ជនជាតិតៃវ៉ាន់ ២នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរ ៤នាក់ (ស្រី ២នាក់)។ ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញ និងរឹបអូសសម្ភារមួយចំនួន រួមមាន៖ កុំព្យូទ័រលើតុចំនួន ៤០គ្រឿង, កុំព្យូទ័រយួរដៃចំនួន ១០គ្រឿង និងទូរស័ព្ទដៃ ២៦គ្រឿង។
បច្ចុប្បន្ន មនុស្សទាំង ៤៤នាក់ រួមនឹងសម្ភារខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត។
ដោយឡែក ចំពោះទីតាំងអគារទាំងមូល ត្រូវបានបិទសៀលជាបណ្ដោះអាសន្ន រង់ចាំមានការសម្រេចជាថ្មី។ ប្រតិបត្តិការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ៕
