ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអប់រំខេត្តពោធិ៍សាត់ រួមជាមួយសមាគមនារី និងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តពាលញែក ឧទ្ទិសកុសលជូនវីរកងទ័ព និងញាតិកា
04-10-2026 14:32
(ពោធិ៍សាត់)៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌ វេណទី៨ នៅវត្តពាលញែក។ ពិធីបុណ្យនេះជាការសហការរួមគ្នា រវាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សង្កាត់ផ្ទះព្រៃ និងពុទ្ធបរិស័ទភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីវប្បធម៌នៃការដឹងគុណ និងតបស្នងសងគុណដល់បុព្វបុរស មាតាបិតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្រៅពីការធ្វើទានឧទ្ទិសកុសលផលបុណ្យដល់ញាតិកាដែលបានលាចាកលោកទៅហើយ ពិធីនេះក៏ជាស្ពានបុណ្យកុសលដ៏រស់រវើកក្នុងការបង្រួបបង្រួមសាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អប្រសើរក្នុងសហគមន៍ផងដែរ។
ជាពិសេសនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ពុទ្ធបរិស័ទទាំងអស់ក៏បានរួមគ្នាតម្កល់ចិត្តដ៏បរិសុទ្ធ ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពលីជីវិតយ៉ាងក្លាហានក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយសទ្ធាជ្រះថ្លានោះ លោក លឹម វុទ្ធី និងសហការី រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេនបច្ច័យបួនដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងសិក្សា ក្នុងវត្តពាលញែក ចំនួន៥០អង្គ ដោយក្នុងមួយអង្គ ២ម៉ឺនរៀល និងបានប្រគេនបច្ច័យសរុបចំនួន ១,៤៨៥,០០០រៀល សម្រាប់ចូលរួមកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាមនេះផងដែរ។





























