FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃឹង នុភាព អំពាវនាវឲ្យរួមគ្នាបំរើពលរដ្ឋ និងអភិវឌ្ឍន៍ឃុំគោល ក្រោមដំបូលគណបក្សប្រជាជនកម្ពុជា

04-10-2026 14:32

(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ឲ្យរួមគ្នាបំរើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ឃុំគោល ក្រោមដំបូលគណបក្សប្រជាជនកម្ពុជា (CPP)។

ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំគោល អាណត្តិទី៦ ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំគោល។

លោក ឃឹង នុភាព បានសង្កត់ធ្ងន់ថា គោលបំណងរបស់គណបក្សគឺតែមួយ ដោយប្រៀបធៀបទៅនឹងការជិះទូកតែមួយ ក្រោមដំបូលតែមួយ។ ដូច្នេះ រាល់បញ្ហាដែលកើតឡើង ត្រូវតែរួមគ្នាគិត និងរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការស្តីបន្ទោសគ្នាទៅវិញទៅមក ជាពិសេសចំពោះក្រុមការងារគណបក្សមូលដ្ឋាន ដែលទាមទារឲ្យមានការលើកទឹកចិត្តបន្ថែមទៀត។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ ដែលបានចូលរួមយ៉ាងសកម្ម និងធំធេងបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងបាននាំមកនូវការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ គណបក្សក៏បានជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។

លោក ឃឹង នុភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ហើយសង្ឃឹមយ៉ាងមុតមាំថា គណបក្សនឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ៕