កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់
04-10-2026 14:14
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែង អគារកញ្ចក់ កម្ពស់៣០ជាន់ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនបរទេស និងជនជាតិខ្មែរជិត ៦០០នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។
មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៩១នាក់ ក្នុងនោះស្រី ១០៦នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ (ស្រី៧៦នាក់) ថៃ ២២នាក់ (ស្រី៧នាក់) និងខ្មែរ ៥១នាក់ (ស្រី២៣នាក់)។
បើយោងតាមមន្ត្រីនគរបាលអគ្គស្នងការជាតិ បានបញ្ជាក់ថា មេខ្លោងនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើនផងដែរ៕










































