FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំសំរោង ស្រុកស្វាយអន្ទរ ជយបសំណេះសំណាលនាំអំណោយជូនប្រធានសាខាបក្សភូមិ និងប្រជាការពារភូមិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

04-10-2026 14:10

(ព្រៃវែង)៖ លោក សិទ្ធ វិចិត្រ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង ស្រុកស្វាយអន្ទរ តំណាងលោកបណ្ឌិត ឃួន សុវណ្ណ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់ប្រធានសាខាបក្សភូមិទាំង១៤ និងប្រជាការពារភូមិចំនួន៣០នាក់ ក្នុងឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ លោក សិទ្ធ វិចិត្រ បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់ប្រជាការពារភូមិ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ដើម្បីធានាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសប្បាយ។ លោកបានលើកទឹកចិត្តឱ្យប្រជាការពារបន្តចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម ក្មេងទំនើង និងបញ្ហាបទល្មើសគ្រឿងញៀន ដោយសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល។

លោកក៏បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពរឹងមាំ។ ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈនៅតែជាអាទិភាពចម្បងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។

លោក សិទ្ធ វិចិត្រ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់អាជ្ញាធរដែនដី និងប្រជាការពារភូមិទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងការពារសមិទ្ធផលនានា ដើម្បីជាប្រយោជន៍រួម និងសម្រាប់កូនចៅជំនាន់ក្រោយ។ អំណោយដែលបានចែកជូនរួមមាន ក្រមាពោះគោមួយ និងថវិកាមួយចំនួនសម្រាប់ម្នាក់ៗ៕