FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កែ គឹមយ៉ាន ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅបន្ទាយមានជ័យ

04-10-2026 14:07

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះមកដោះស្រាយផ្ទាល់នូវបញ្ហាជំនន់ទឹកភ្លៀង និងគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការបន្តរបស់សម្តេច ដើម្បីបញ្ចៀសការលិចលង់ជាថ្មីនាពេលអនាគត។

ការថ្លែងអំណរគុណ និងគាំទ្រនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជិត ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន ក៏បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក និងលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគិតគូរដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា សំដៅការពារឧត្តមប្រយោជន៍ប្រជាពលរដ្ឋ ឲ្យរស់នៅសុខសាន្ត និងរីកចម្រើនទៅមុខបានកាន់តែឆាប់រហ័ស។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល និងសហការរួមគ្នាចែករំលែកព័ត៌មានពាក់ព័ន្ធនឹងទឹកជំនន់ ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ជួយបានទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាព រស់នៅស្អាត និងហូបស្អាត។

ក្នុងទឹកចិត្តអាណិតអាសូរ កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារ ក៏បាននាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត សរុបជិត ១ពាន់គ្រួសារផងដែរ។ ការយកចិត្តទុកដាក់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំពារ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕