FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន៩នាក់

04-10-2026 14:02

(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងជួញដូរអាវុធខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ ជាជនជាតិចិន នៅទីតាំងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងកំពង់សោម និងក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្ដតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ដោយបានសហការណ៍ជាមួយកម្លាំងអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ ដឹកនាំដោយលោកវរសេនីយ៍ឯក បូ ណាំ អនុប្រធាននាយកដ្ឋានទទួលបន្ទុក អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចលេខ ២៤០ ប្រចាំខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងជួញដូរអាវុធខុសច្បាប់ ។

គោលដៅដែលបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប រួមមាន៖

-គោលដៅទី១: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៣០នាទី លោកវរសេនីយ៍ឯក បូ ណាំ អនុប្រធាននាយកដ្ឋានទទួលបន្ទុក អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចលេខ ២៤០ ប្រចាំខេត្ដព្រះសីហនុ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងចុះបង្រ្កាបករណី ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដែលប្រព្រឹត្ដនៅចំណុចលើផ្ទៃសមុទ្រ ម្ដុំកោះឫស្សី ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្ដព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជនជាតិចិន ព្រមទាំងឆែកឆេរដកហូតវត្ថុតាងជាគ្រឿងញៀន និងអាវុធមួយចំនួន។ នៅក្នុងអំឡុងពេលប្រតិបត្ដិការរបស់កម្លាំងជំនាញ ជនសង្ស័យបានដឹងខ្លួន ដោយធ្វើការបោះគ្រឿងញៀនមួយចំនួនធំចូលទៅទឹកសមុទ្រ (មិនដឹងចំនួន) ។

-គោលដៅទី២: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៤៥នាទី លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យខាងលើចំនួន ០៥នាក់បន្ថែមទៀត ដែលប្រព្រឹត្ដនៅចំណុចម្ដុំឆ្នេរព្រែកចាក ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្ដព្រះសីហនុ ព្រមទាំងឆែកឆេរដកហូតវត្ថុតាង និងសម្ភារៈមួយចំនួន ។

-គោលដៅទី៣: នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩និង០០នាទី មានប្រជានេសាទឈ្មោះ ស៊ី នឿន ភេទប្រុស ជនជាតិខ្មែរ បានប្រទះឃើញកញ្ចប់ពណ៌លឿងចំនួន ០៣កញ្ចប់ធំ ដែលអណ្ដែតលើសមុទ្រ ជាគ្រឿងញៀនដែលជនសង្ស័យបោះចោលពីលើអូប័រ និងជាករណីដែលកម្លាំងអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ សហការជាមួយកម្លាំងផែនការងារប្រឆាំងគ្រឿងញៀនចុះបង្រ្កាប។ដោយមានការសង្ស័យគាត់បានស្រង់ និងបានហែកមើលថាជាដុំក្រាម សង្ស័យជាសារធាតុញៀន ភ្លាមៗនោះគាត់ទំនាក់ទំនងមកកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដើម្បីជួយអន្ដរាគមន៍។ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ធ្វើការប្រគល់កញ្ចប់ពណ៌លឿង សង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ធំ ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីគ្រប់គ្រង និងបន្ដនីតិវិធី ។

-គោលដៅទី៤: នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១០នាទី កម្លាំងជំនាញបានបន្ដធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យខាងលើចំនួន ០១នាក់បន្ថែមទៀត ដែលប្រព្រឹត្ដនៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ព្រមទាំងឆែកឆេរដកហូតវត្ថុតាង និងសម្ភារៈមួយចំនួន ។

ក្នុងនោះ កិច្ចប្រតិបត្តិការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ បានបន្តសហការជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងគ្រឿងញៀន និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆែកឆែរទីតាំងផ្ទះជួល របស់ជនសង្ស័យមួយកន្លែង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពុំមានអ្វីគួរឱ្យគត់សំគាល់ឡើយ ។

-គោលដៅទី៥: នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទី កម្លាំងជំនាញបានបន្ដធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យខាងលើ (មុខសញ្ញាសេសសល់) ចំនួន ០១នាក់បន្ថែមទៀត ដែលប្រព្រឹត្ដនៅចំណុចម្ដុំតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ព្រមទាំងឆែកឆេរដកហូតវត្ថុតាង និងសម្ភារៈមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕