FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តកែប បញ្ជាឲ្យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

04-10-2026 12:41

(កែប)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញបទបញ្ជាណែនាំដល់កងកម្លាំងនគរបាលពាក់ព័ន្ធក្រោមឱវាទទាំងអស់ ឲ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រទូទាំងខេត្តកែប។

លោកស្នងការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់នៃគ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាម ក៏ដូចជាបាតុភាពអសកម្មនានាដូចជា ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗទៀត។

ការណែនាំនេះមានគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ។ កងកម្លាំងនគរបាលត្រូវបន្តចុះផ្សព្វផ្សាយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងពីគ្រប់មូលដ្ឋានក្នុងខេត្តកែប ឆ្ពោះទៅរកសង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា៕