FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន​ចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយ AI

04-10-2026 12:01

(កណ្តាល)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញដឹកនាំវគ្គ​បណ្ដុះ​បណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែង​ក្លាយក្នុង​យុគ​សម័យបញ្ញាសិប្បនិម្មិត (AI)»។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្ត​កណ្តាល ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាន និងសាធារណមតិ យុវជននៅតាមឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្ត​កណ្តាល សរុបជិត ៨០០នាក់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាលក្នុងគោលបំណងសម្រួចឆន្ទៈ និងស្មារតី​ទទួល​ខុសត្រូវ ជាពិសេសពង្រឹងសមត្ថភាពនិងលើកកម្ពស់​ចំណេះដឹងរបស់​មន្ត្រី​ទទួល​បន្ទុកការងារព័ត៌មាន និងសាធារណមតិ តាមរយៈការចែករំលែកចំណេះដឹង និងបទ​ពិសោធន៍​ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យា AI ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធី​សាស្ត្រក្នុងការកំណត់អត្តសញ្ញាណក្នុងការឆ្លើយតបចំពោះព័ត៌មានទាំងនោះឱ្យបានទាន់ពេលវេលានិងកាន់តែមានប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២រូប ដែលមាន​បទ​ពិសោធន៍ការងារយ៉ាងទូលំទូលាយពាក់ព័ន្ធព័ត៌មាន និងសាធារណមតិ ដោយរួម​មានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រី​ជាន់​ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។

លោក ស្វាយ ស៊ីថា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា «ចំណេះដឹង និងបទ​ពិសោធន៍​ថ្មីៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងឆន្ទៈ ការយកចិត្ត​ទុក​ដាក់ និងការទទួលខុសត្រូវរបស់សិក្ខាកាមទាំងអស់ក្នុង​ការអនុវត្តការងារ​ព័ត៌មាន និង​សាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាស្ថិរភាពសង្គម និង​នយោ​បាយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលពិភពលោកកំពុង​ប្រឈមមុខ​នឹងការវិវត្តយ៉ាងលឿនរហ័សនៃបញ្ញាសិប្បនិម្មិត»៕