សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
04-10-2026 11:08
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយលើបណ្តាញសង្គម។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា វីដេអូនេះជាសកម្មភាបពេលចុះពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គភាពនេះ នឹងត្រូវដើរតួជាច្រកចេញចូលតែមួយក្នុងការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។
សម្តេចមហាបវរធិបតី បានគូសរំលេចដែរថា សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការសេវាដូចបានរៀបរាប់ខាងលើ នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែងប៉ុណ្ណោះ គឺនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម។ អ.ស.ម.ត នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធានការនេះ នឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យមនេះឡើង គឺជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការ និងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា៕
