កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន
04-10-2026 09:41
(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការបញ្ជូននេះធ្វើឡើង បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ។
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ សុខលី លាងតូ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណីចោរកាត់សោចូលលួចម៉ូតូ កាលពីវេលាម៉ោង០២និង៥០នាទីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ(ប្រុសចំនួន០៣នាក់) ដោយពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ជនសង្ស័យបានធ្វើសកម្មភាពកាត់សោគាស់ទ្វារខាងក្រោយ ចូលលួចយកសម្ភារៈរបស់ក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន និងម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ក្រហម លាយពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1O-8025 ចំនួន០១គ្រឿង របស់ជនរងគ្រោះខាងលើ ហើយគេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានចុះស្រាវជ្រាវកំណត់មុខសញ្ញា។
រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ គឺឈ្មោះ កែវ សីលា (វណ្ណា) អាយុ ៤៣ឆ្នាំ និងឈ្មោះ សឿន សំណាង (ម៉ាប់) អាយុ ២៦ឆ្នាំ នៅក្រុងសិរីសោភ័ណ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង ពន្លាតដែនសមត្ថកិច្ចឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ សុភាព ភ័ត្រា (ត្រា, ទន់) អាយុ ៣៤ឆ្នាំ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ព្រមទាំងដកហូតបានម៉ូតូដែលលួចបានមកវិញ។ ជនសង្ស័យទាំង ៣នាក់ ត្រូវបានធ្វើតេស្តទឹកនោម ហើយរកឃើញមានសារធាតុញៀនវិជ្ជមាន។ ដោយឡែកជនសង្ស័យឈ្មោះ កែវ សីលា (វណ្ណា) ធ្លាប់បានជាប់ពន្ធនាគារនៅខេត្តបន្ទាយមានជ័យ ចំនួន០៣លើកមកហើយដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕












